ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពធាក់ និងប្រើកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ នៅចំណុចមុខសាលាបឋមសិក្សាទួលអំពិល ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហ៊ុន ណូន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបម្ចាស់ហាងស៊ុបមួយកន្លែង ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងមានស្រុកកំនើតភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូឌ្រីមសង់២០១៨ ពណ៌ខ្មៅ ឡើងស៊េរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HA- 9569 ធ្វើដំណើរពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង មិនចាំស្លាកលេខ ជិះស្របទិសគ្នាមកពីក្រោយបានធ្វើសកម្មភាពជិះកៀររួចធាក់ឲ្យដួលហើយដកកាំភ្លើងខ្លីភ្ជង់គំរាម ដោយភ័យខ្លាចជនសង្ស័យបាញ់ គាត់ក៏រត់ចេញពីម៉ូតូហើយជនសង្ស័យឃើញឱកាសល្អក៏បានលើកយកម៉ូតូជិះឆ្ពោះទៅទិសខាងត្បូងគេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ច ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោបានចុះមកដល់ចំណុចកើតហេតុ និងបានដឹកជនរងគ្រោះមកប៉ុស្ដិ៍គរបាលរដ្ឋបាលដង្កោដាក់ពាក្យបណ្តឹង និងសាកសួរ ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានទៅចាប់ខ្លួនជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ