ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេទទួលដំណឹងថាតារាកំប្លែង ញឹក កុសល ហៅអាប៉ោយ ចៅតា បានវិលរកការសង្គ្រោះបន្ទាន់ជាថ្មីក្រោយពីស្ថានភាពជំងឺប្រសើរឡើងវិញ ហើយប្រឹងឡើងឆាកសម្តែងរកលុយព្យាបាលជំងឺនោះ ។
តារាកំប្លែងវ័យក្មេង អាប៉ោយ ចៅតា ធ្លាប់មានឈ្មោះល្បីគួរសមក្នុងវិថីសិល្បៈ ហើយតារារូបនេះក៏ធ្លាប់បានលេចមុខសម្តែងនៅលើកញ្ចក់ទូរទស្សន៍ និងផលិតកម្មនានាជាច្រើនផងដែរកាលពី ឆ្នាំ២០០៥ និង២០០៦ កន្លងមកនោះ ។ ស្ងាត់បាត់មុខមួយរយៈស្រាប់តែ កាលពីចុងឆ្នាំ២០១៨ អាប៉ោយ ចៅតា បានមានជំងឺប្រចាំកាយកំរិតធ្ងន់ គឺខ្សោយតំរងនោម និងខ្វះឈាមច្រើន ក្នុងវ័យត្រឹម២៥ឆ្នាំ ។ ក្រោយមកក៏ត្រូវបានសប្បុរសជនមួយចំនួនបានជួយជាថវិកាបន្តិចបន្តួចទើបធ្វើឲ្យសភាពជំងឺហាក់មានការធូរស្រាលជាងមុនបន្តិច តែក៏ត្រូវបន្តការព្យាបាលផងដែរ។ ស្ថានភាពជីវភាពខ្វះមុខខ្វះក្រោយ តារាកំប្លែងរូបនេះបានវិលរកការសម្តែងលើឆាកជាថ្មីទាំងស្ថានភាពជំងឺមិនល្អរហូតពេលនេះត្រូវបានសាច់ញាតិបញ្ចូនទៅសង្គ្រោះជាថ្មី។
គណនីហ្វេសប៊ុកឈ្មោះ គីម ហួរ បានឲ្យដឹងថា៖ «បងប្រុស កំប៉ោយ ចៅ តា គាត់ឈឺម្តងនេះ ខ្លាំងជាងមុនទៀត ជាតិចៗខំប្រឹងរកលុយមកលាងឈាម ឥឡូវនេះដល់កម្រិត១ពិបាកខ្លាំង សូមបងប្អូនដែលស្គាល់ ជួយសួរសុខទុក្ខប្អូនផង តាមលេខផ្ទាល់របស់គាត់ 098707055»។ ប្រភពថា” ពេលនេះគាត់មានជំងឺខ្សោយតំរងនោមធ្ងន់ធ្ងរ ហើយគាត់ត្រូវទៅមន្ទីរពេទ្យដើម្បីលាងឈាម ពីរដងក្នុងមួយសប្តាហ៍ បើមិនធ្វើដូច្នេះគាត់នឹងមិនអាចរស់បានយូរទេ ។គាត់បានចំណាយប្រាក់ទាំងអស់របស់គាត់ និងក្រុមគ្រួសាររបស់គាត់ សម្រាប់ការលាងឈាម ដូច្នេះឥឡូវនេះគាត់ដាច់លុយហើយ ។
មកដល់ចំណុចនេះគាត់ត្រូវការការវះកាត់ប្តូរតំរងនោម ដែលអាចចំណាយប្រហែល ៧០០០០-៨០០០០ ដុល្លារអាមេរិក ខ្ញុំមិនដែលលើកដៃ សុំលុយមួយ កាក់ រឺ មួយសេនឡើយ នៅក្នុងជីវិតខ្ញុំ តែដោយសារគាត់ខ្ញុំសុខចិត្តតែធ្វើបែបនេះ។ខ្ញុំមិនចង់ឃើញគាត់ស្លាប់ឡើយ ហើយខ្ញុំជឿថាអ្នកក៏មិនចង់ដែរ សូមបរិច្ចាគលុយ ហើយអ្នកគ្រប់គ្នាអាចបរិច្ចាគប្រាក់តាមដែលអ្នកអាចធ្វើបាន ។ អ្នកអាចទាក់ទងទៅគណនីហ្វេសប៊ុករបស់គាត់ ដើម្បីបរិច្ចាគលុយ ។
ទន្ទឹមនឹងនេះដែរ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀងខាត់ សុឃីម ក៏បានធ្វើការចែករំលែក នៅលើទំព័រហ្វេសប៊ុក សំណូមពរដល់មហាជនអោយជួយដល់តារាកំប្លែងវ័យក្មេងនេះផងដែរ៕ វឌ្ឍនា