ព័ត៌មានទាន់ហេតុការណ៍៖

ប្រឹងឡើងឆាកទាំងខ្លួនឈឺ អាប៉ោយ ចៅតា វិលរកការសង្គ្រោះបន្ទាន់ជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេទទួលដំណឹងថាតារាកំប្លែង ញឹក កុសល ហៅអាប៉ោយ ចៅតា បានវិលរកការសង្គ្រោះបន្ទាន់ជាថ្មីក្រោយពីស្ថានភាពជំងឺប្រសើរឡើងវិញ ហើយប្រឹងឡើងឆាកសម្តែងរកលុយព្យាបាលជំងឺនោះ ។ 

តារាកំប្លែងវ័យក្មេង អាប៉ោយ ចៅតា ធ្លាប់មាន​ឈ្មោះ​ល្បី​គួរ​សម​ក្នុង​វិថី​សិល្បៈ​ ហើយតារារូបនេះក៏ធ្លាប់បានលេចមុខសម្តែងនៅលើកញ្ចក់ទូរទស្សន៍ និងផលិតកម្មនានាជាច្រើនផងដែរកាលពី ​ឆ្នាំ២០០៥ និង២០០៦​ កន្លងមកនោះ ។ ស្ងាត់បាត់មុខមួយរយៈស្រាប់តែ​ កាល​ពី​ចុង​ឆ្នាំ​២០១៨​ អាប៉ោយ ចៅតា​ បានមានជំងឺប្រចាំកាយកំរិតធ្ងន់ គឺខ្សោយ​តំរងនោម និងខ្វះឈាមច្រើន​ ក្នុងវ័យត្រឹម២៥ឆ្នាំ ។ ក្រោយ​មក​ក៏​ត្រូវ​បាន​សប្បុរសជន​មួយ​ចំនួន​បាន​ជួយ​ជា​ថវិកា​បន្តិចបន្តួច​ទើបធ្វើ​ឲ្យ​សភាព​ជំងឺ​ហាក់​មានការ​ធូរស្រាល​ជាងមុន​បន្តិច​ តែក៏ត្រូវ​បន្តការ​ព្យាបាល​ផងដែរ​។ ស្ថានភាពជីវភាពខ្វះមុខខ្វះក្រោយ តារាកំប្លែងរូបនេះបានវិលរកការសម្តែងលើឆាកជាថ្មីទាំងស្ថានភាពជំងឺមិនល្អរហូតពេលនេះត្រូវបានសាច់ញាតិបញ្ចូនទៅសង្គ្រោះជាថ្មី។ ​

គណនី​ហ្វេសប៊ុក​ឈ្មោះ​ គីម​ ហួរ​ បាន​ឲ្យដឹង​ថា៖​ «បងប្រុស កំប៉ោយ ចៅ តា គាត់ឈឺម្តងនេះ ខ្លាំងជាងមុនទៀត ជាតិចៗខំប្រឹងរកលុយមកលាងឈាម ឥឡូវនេះដល់កម្រិត១ពិបាកខ្លាំង​ សូមបងប្អូនដែលស្គាល់ ជួយសួរសុខទុក្ខប្អូនផង តាមលេខផ្ទាល់របស់គាត់ 098707055»។ ប្រភពថា” ពេលនេះគាត់មានជំងឺខ្សោយតំរងនោមធ្ងន់ធ្ងរ ហើយគាត់ត្រូវទៅមន្ទីរពេទ្យដើម្បីលាងឈាម ពីរដងក្នុងមួយសប្តាហ៍ បើមិនធ្វើដូច្នេះគាត់នឹងមិនអាចរស់បានយូរទេ ។គាត់បានចំណាយប្រាក់ទាំងអស់របស់គាត់​ និងក្រុមគ្រួសាររបស់គាត់​ សម្រាប់ការលាងឈាម ដូច្នេះឥឡូវនេះគាត់ដាច់លុយហើយ ។

មកដល់ចំណុចនេះគាត់ត្រូវការការវះកាត់ប្តូរតំរងនោម​ ដែលអាចចំណាយប្រហែល ៧០០០០-៨០០០០ ដុល្លារអាមេរិក​ ខ្ញុំមិនដែលលើកដៃ សុំលុយមួយ កាក់ រឺ មួយសេនឡើយ នៅក្នុងជីវិតខ្ញុំ តែដោយសារគាត់ខ្ញុំសុខចិត្តតែធ្វើបែបនេះ។ខ្ញុំមិនចង់ឃើញគាត់ស្លាប់ឡើយ ហើយខ្ញុំជឿថាអ្នកក៏មិនចង់ដែរ​ សូមបរិច្ចាគលុយ​ ហើយអ្នកគ្រប់គ្នាអាចបរិច្ចាគប្រាក់តាមដែលអ្នកអាចធ្វើបាន ។​ អ្នកអាចទាក់ទងទៅគណនីហ្វេសប៊ុករបស់គាត់​ ដើម្បីបរិច្ចាគលុយ ។

ទន្ទឹម​នឹង​នេះដែរ​ កំពូល​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត​ និងតារាចម្រៀងខាត់ សុឃីម ក៏បាន​ធ្វើ​ការ​ចែករំលែក នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ សំណូមពរ​ដល់​មហាជន​អោយជួយដល់តារាកំប្លែងវ័យក្មេងនេះផងដែរ៕ វឌ្ឍនា


ចែករំលែក៖