កន្លងមក អាមេរិកតែងតែថ្កោលទោស នឹងដាក់គំនាបទៅលើប្រទេសដែលទិញអាវុធពីរុស្ស៊ី ។ នៅពេលនេះ រុស្ស៊ីបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ទិញអាវុធទំនើបពីរុស្ស៊ី ដោយរុស្ស៊ីនឹកលក់ឲ្យ ។
លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលស្នើសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីនឹងលក់អាវុធទំនើបៗបំផុតទៅឲ្យអាម៉េរិក ក្នុងនោះមានមីស៊ីល ល្បឿនលឿនជាងគេបំផុត នៅលើពិភពលោក ។
លោក ពូទីន បានបញ្ជាក់ថា លោកបានស្នើដល់លោក ត្រាំ ថា រុស្ស៊ីផ្តល់ឱកាសដល់អាម៉េរិក ក្នុងការទិញអាវុធពីរុស្ស៊ី។ ការលើកឡើងខាងលើរបស់លោកពូទីន ត្រូវបានមនុស្សជាច្រើន បញ្ចេញមតិថា នេះជាការ «ជះទឹកត្រជាក់ កណ្តាលមុខអាម៉េរិក» ។ ដោយសារតែអាម៉េរិក តែងតែប្រឆាំង ដាកទណ្ឌកម្ម គំរាមកំហែងដល់ប្រទេស ដែលបានទិញអាវុធពីរុស្ស៊ី។ ដូច្នេះទើបលោក ពូទីន ស្នើអាម៉េរិកទិញអាវុធពីប្រទេសរុស្ស៊ី ដូចគ្នា កុំឲ្យច្រណែន។
មានប្រសាសន៍ នៅក្នុងវេទិកាសេដ្ឋកិច្ច បណ្តាប្រទេសតំបន់បូព៌ា EEF លើកទី៥ ដែលបានធ្វើឡើង កាលពីថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជក់ថា« ធ្វើយ៉ាងណា ទើបយើងអាចបញ្ជូនអាវុធដ៏ទំនើបរបស់រុស្សី ក្នុងនោះមានប្រព័ន្ធមីស៊ីលល្បឿនលឿន ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ។ មីស៊ីលល្បឿនលឿននោះ សូម្បីតែអាម៉េរិក ក៏មិនទាន់មានដែរ ដូច្នេះរុស្ស៊ីចង់លក់អាវុធដ៏ទំនើបនោះទៅឲ្យអាម៉េរិក»។
លោក ពូទីន និយាយទៅកាន់លោក ត្រាំ ថា «ប្រសិនបើលោកចង់បាន ខ្ញុំនឹងលក់អាវុធទំនើបៗឲ្យ ដើម្បីធ្វើឲ្យមានតុល្យាភាពសព្វាវុធ។ ប៉ុន្តែលោក ត្រាំ ថា អាម៉េរិកកំពុងតែផលិតអាវុធទំនើបៗទាំងនោះ»។
បច្ចុប្បន្នរុស្ស៊ី មានអាវុធល្បឿនលឿន ប្រភេទ Kinzhalដែលមានសមត្ថភាពហោះទម្លុះ រាល់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបៗបាន ព្រោះមីស៊ីលនោះមានល្បឿនលឿន ជាងសំឡេង រហូតដល់ទៅ១០ដង ទើបមិនមានមីស៊ីលណាមួយ អាចប្រដេញទាន់ឡើយ៕