ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា (ទំនាស់យកកូនកាំបិត ចាក់បណ្តាលឲ្យរបួស) ត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ឯម ភារីនាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឲ្យដឹងនៅរសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទំនាស់យកកូនកាំបិត ចាក់បណ្តាលឲ្យរបួស) នៅចំណុច ផ្លូវលំ ភូមិ ឫស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

ក្នុងរបាយការណ៍របស់លោកនាយប៉ុស្ដិ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផៃ គីរីវង្ស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងផ្សារដែក (មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ រុន ងន់ហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ មុខរបរ ម៉ៅការសំណង់ (របួសកខាងឆ្វេង០១កន្លែង និង ច្រមុះ០១កន្លែង) ។

ដោយឡែកវត្ថុតាងចាប់យក ៖ កូនកាំបិតមុខស្រួច ដងជ័រពណ៍លឿង ចំនួន០១ដើម ។

បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖