ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ទឹកទន្លេមេគង្គលើស្ថានីយជលសាស្រ្ត ខេត្តស្ទឹងត្រែង បានចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ ទឹកទន្លេមេគង្គលើនៅស្ថានីយជលសាស្រ្ត ខេត្តស្ទឹងត្រែង បានចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអាទិត្យ ១០ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩នេះ

ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ ដោយយោងតាមសភាពជាក់ស្តែងឃើញថា ទឹកទន្លេមេគង្គលើនៅស្ថានីយជលសាស្រ្ត ខេត្តស្ទឹងត្រែង បានចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់ ។ ដោយឡែកនៅស្ថានីយជលសាស្រ្តខេត្តក្រចេះ និងខេត្តកំពង់ចាម ទឹកនឹងចាប់ផ្តើមស្រកចុះនៅកំឡុងពេលមួយទៅពីរថ្ងៃទៀត ។
ជាសត្យានុម័ត នៅពេលដែលទឹកទន្លេមេគង្គភាគខាងលើស្រកចុះ នោះភាគខាងក្រោមនឹងបន្តឡើង ។ ដោយឡែក សម្រាប់ស្ថានីយជលសាស្រ្តកោះខែល នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ទឹកមានកម្ពស់ ៧,៥០ ម៉ែត្រ ខ្ពស់ជាងកម្រិតប្រុងប្រយ័ត្ន ០,១០ ម៉ែត្រ ( កម្ពស់ប្រុងប្រយ័ត្ន ៧,៤០ ម៉ែត្រ ) ។ យោងតាមការព្យាករ នៅស្ថានីយជលសាស្រ្តកោះខែល ទឹកនឹងបន្តឡើងដល់កម្ពស់ ៧,៧៥ ម៉ែត្រ ក្នុងរយៈពេល ៤ ទៅ ៥ ថ្ងៃទៀត ។

ការកើនឡើងនៃកម្ពស់ទឹកនេះ ជាបច្ច័យវិជ្ជមានផង និងអវិជ្ជមានផង សម្រាប់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេបាសាក់ ក្នុងភូមិសាស្រ្តស្រុកស្អាង និងស្រុកកោះធំ របស់ខេត្តកណ្តាល និងមួយផ្នែករបស់ខេត្តតាកែវ ដែលទទួលរបបទឹកពីទន្លេបាសាក់ ។ ផលវិជ្ជមាន គឺទឹកបានហូរនាំដីល្បាប់ចូលតាមព្រែកទៅកាន់វាលទំនាប និងបឹងបួរនានា ។ ផលអវិជ្ជមាន គឺទឹកលើសពីតម្រូវការ ដែលអាចបង្កឲ្យមានការប៉ះពាល់ដល់ភូមិឋានរបស់ប្រជាពលរដ្ឋ និងហេដ្ឋា-រចនាសម្ព័ន្ធផ្សេងៗ ក៏ដូចជាបាតុភូតធម្មជាតិបណ្តាលឲ្យមានការបាក់ច្រាំងទន្លេជាដើម ។

យោងលើស្ថានភាពកម្ពស់ទឹក ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖