ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុក នៅកាសុីណូមួយកន្លែងក្នុងសង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ( ចំណុចឧតុនិយម ) ហើយក្នុងប្រតិបត្តិការនេះ នគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់មួយចំនួន និងកាំបិតតូច២ដើម ។ នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចក៏ជួយរំដោះយកបុរសជនជាតិចិនចំនួន៤នាក់ដែលជាជនរងគ្រោះផងដែរ ។
សមត្ថកិច្ចបញ្ជាក់ថា ដោយមានបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួននណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកាសុីណូកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍រំដោះយកជនរងគ្រោះ ក្រោយមានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានជនជាតិជនជាតិចិនពីរក្រុម បានវាយតប់គ្នា នៅខាងមុខកាស៊ីណូរួចមក ។
ក្រោយចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ ជនជាតិចិនចំនួន ៤ នាក់ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងទុកនៅក្នុងបន្ទប់ ដោយមិនទាន់ដឹងមូលហេតុ ។ បន្ទាប់មកទៀតនគរបាលក៏បានឃាត់ខ្លួនជនជាតិចិន ដែលជាប់ពាក់ព័ន្ធ និងការបង្ខាំងមនុស្សចំនួន ៧នាក់នេះ បញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី សាកសួរ និងកសាងនីតិវិធី អនុវត្តទៅតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះទាំង៤នាក់ រួមនឹងគ្រួសារ នគរបាលក៏បាននាំយកទៅសាកសួរតាមនីតិវិធីដែរ ចំណែកលោក អ៊ុក ផាន់រ៉េត ដែលជាមេប៉ុស្តិ៍សង្កាត់លេខ៣ អ្នកសារព័ត៌មានបានខលសួរទៅលោកពីបញ្ហារឿងនេះ លោកបាននិយាយថា អត់ដឹងអីហង ៕ ឆ្លាម មុទ្រ