ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅលោកឃួង ស្រេង មានបំណងចង់ឲ្យសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ក្លាយជាសង្កាត់គំរូ និងទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះកាន់តែប្រសើរជាងមុនមួយកម្រិតថែមទៀត ។
ការបង្ហាញពីបំណងបែបនេះគឺ ក្នុងខណៈដែលលោក អភិបាល និងលោកស្រីរួមជាមួយក្រុមការងារ និងមន្ត្រីជំនាញអាជ្ញាធរដែនដី កាលពីថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នេះបានចំណាយពេលថ្ងៃឈប់សំរាកពីការងារប្រចាំថ្ងៃអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវនៅក្នុងសង្កាត់ខាងលើព្រមទាំងបាននាំយកអំណោយជាថ្នាំពេទ្យ និងថវិកាមួយចំនួនទៅជូនអ្នកជំងឺ ដែលកំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលសុខភាពពញាពន់ផងដែរ ។
លោកចៅសង្កាត់ពញាពន់ បានឲ្យដឹងថា នៅពេលនេះអាជ្ញាធរកំពុងមមាញឹកស្ថាបនា និងជួសជុលផ្លូវដែលជាអាទិភាពចំនួន១០ខ្សែស្ថិតក្នុងភូមិធំត្បូង,ភូមិធំជើង,ភូមិបឹង និងភូមិវែងសរុបមានប្រវែង៦.៤៨២ម៉ែត្រដែលបច្ចុប្បន្នទទួលរងការខូចខាតខ្លាំងហើយក៏ជាផ្លូវដ៏មមាញឹកសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក្នុងមូលដ្ឋាន ។
លោកប្រធានក្រុមការងារ លោក ឃួង ស្រេងតែងបានចុះជាប់ជាមួយមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីបានដឹងពីសុខទុក្ខ និងសំណូមពរចាំបាច់របស់បងប្អូនដើម្បីងាយស្រួលក្នុងការឆ្លើយ តប ។ តាមការពិនិត្យជាក់ស្តែងភូមិសាស្ត្រសង្កាត់ ទាំង២ខាងលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រែប្រួលរីកចំរើនខ្លាំងទាំងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់,សំណង់លំនៅដ្ឋាន,សំណង់សាធារណៈជាដើមរីកដុះដាលព្រោងព្រាតគ្មាននរណានឹកស្មានដល់ ។
លោកឃួង ស្រេង បានលើកឡើងថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចមានផ្លូវល្អគឺជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ។ ដូច្នេះហើយបានជាក្រុមការងារតែងបានយកចិត្តទុកដាក់គិតគូខ្លាំងទៅលើតំរូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតែងបានទំនុកបំរុងទៅតាមសំណូមពរ និងលទ្ធភាពដែលមាន ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំណុចអាទិភាពគឺការជួសជុលកែលំអរផ្លូវជាង៧គីឡូម៉ែត្រក្នុងសង្កាត់ពញាពន់ និងជាង១០គីឡូម៉ែត្រក្នុងសង្កាត់ពន្សាំងឲ្យបានប្រសើរឡើងព្រោះផ្លូវក្នុងតំបន់នេះក៏ជាការទាក់ទាញភ្ញៀវទេសចរណ៏ឲ្យទៅទស្សនារមណីយ៏ដ្ឋានវប្បធម៌ភ្នំប្រសិទ្ធ និងភ្នំរាបផងដែរ ។ ដូច្នេះលោកអភិបាលមានបំណង ប្រែក្លាយភូមិសាស្ត្រសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងឲ្យក្លាយជាសង្កាត់គំរូលើការអភិវឌ្ឍ និងផ្នែកបរិស្ថានក្នុងខណ្ឌព្រែកព្នៅផងដែរ៕សំរិត