ខេត្តពោធិ៍សាត់៖ ស្រ្តី ២នាក់ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្រ្តីរងគ្រោះនាំគ្នាចូលជ្រកភ្លៀងក្រោមដើឈើ គ្រាដែលមេធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ ផ្គរ រន្ទះ ។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចដើមឈើ(ចំបក់)ក្បែរចំការដូងរបស់ឈ្មោះ ដន ម៉ាលីន ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរជនរងគ្រោះទី១ ឈ្មោះ សាក់ តិញ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ ហៃ ឆាន ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា ។
របាយការណ៍នគរបាលខាងលើបន្តថា ស្រ្តីរងគ្រោះទាំងពីនាក់បាននាំគ្នាចូលព្រៃនៅម្ដុំកើតហេតុ ក្នុងគោលបំណងដើរជីកសត្វ(អាពី) ប៉ុន្តែនៅពេលឃើញមេពណ៏ខ្មៅធ្លាក់ខ្យល់កល់រកភ្លៀង ក៏នាំគ្នាទៅជ្រកក្រោមដើមឈើ (ចំបក់) ១ដើមនោះ ជាអកុសល់ក៏ជួបគ្រោះធម្មជាតិរន្ទះបាញ់ដ៏កំណាចនេះ បណ្ដាលឲ្យពួកគាត់ស្លាប់យ៉ាងអាហោចអាធម័ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ។
របាយការណ៍ដដែលបន្តទៀតថា ករណីគ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅចំនួន ២នាក់នេះ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានសហការ ចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មុននឹងធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន