ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមជាមួយលោក ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឃី ស៊ីណេ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងលោកយាយលោកតាពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានអញ្ជើញប្រារព្ធពិធី បុណ្យសម្ពោធឆ្លងវិមានតេជះព្រះគោជើងប្រាំនៅវត្តសន្តិមារាម (ហៅវត្តប៉ាហ៊ី) ស្ថិតនៅភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្នុងពិធីនេះលោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានធ្វើរបាយការណ៍ពីសមិទ្ធផលនានាដែលបំរើឲ្យវិស័យព្រះពុទ្ធសាសនាកំពុងមានការរីកចំរើនរួចមក ព្រះតេជគុណព្រះរតមុនី អៀ សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះគ្រូចៅអធិការវត្តសន្តិមារាមហៅវត្តប៉ាហ៊ី បានមានសង្ឃដីកាថា៖ សមិទ្ធផលនានាដែលកសាងក្នុងវត្តប៉ាហ៊ី ចំណាយថវិកាអស់ប្រមាណចំនួន ១,៦៧៤,៦៧២,៥០០រៀល (មួយពាន់ប្រាំមួយរយចិតសិបលានរៀល ប្រាំមួយសែនប្រាំពីរម៉ឺនពីរពាន់ ប្រាំរយរៀល) រឺស្មើនឹង ៤១៨,៦៦៨ដុល្លារ (បួនសែនមួយម៉ឺនប្រាំបីពាន់ ប្រាំមួយរយហុកសិបប្រាំបីដុល្លារអាមេរិក) ដោយគិតចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ ។
វត្តពោធិមារាមហៅវត្តប៉ាហ៊ី មានការរីកចម្រើនឥតឈប់ឈររួមមាន៖ កុដ្ឋ របង ក្លោងទ្វារ រូបសំណាក ចាក់ដី និងចាក់សាប និងអាស្រមរួមទាំងសមិទ្ធផលតូចធំនានានៅទូទាំងវត្តអារាម ដែលទាំងអស់នេះ គឺទទួលបានពីការចូលរួមសទ្ធាជ្រៈថ្លាររបស់ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅខេត្ត ទើបសម្រេចបាននូវសមិទ្ធផលទាំងនេះ ឈានដល់ធ្វើពិធីកាត់ខ្សែបូរសម្ពោធឆ្លងនាពេលនេះ ។
លោកស្រី ជា លាភ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើរចំពោះព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាក្នុងខេត្តប៉ៃលិនឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ។ ការចូលរួមនូវសទ្ធាជ្រះថ្លារបស់សប្បរសជនជិតឆ្ងាយ គឺជាការ ចូលរួមចំណែកកសាង និងអភិវឌ្ឍន៍នូវវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើន ។
លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេលលេញ និងបានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាបានកសាងវត្តអារាមនៅគ្រប់ទិសទីដើម្បីផ្តល់ឱការដល់ពុទ្ធបរិស័ទជិតឆ្ងាយជួបជុំធ្វើបុណ្យទានតាមប្រពៃណីដែលមានតាំងពីយូលង់មក ។
លោកស្រី ជា លាភ ក៏បានសំណូមពរដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តចូលរួមគាំទ្រ ថែរក្សាការពារនូវសមិទ្ធផលថ្មីៗដែលកើតមានក្នុងមូលដ្ឋាន សហគមនរបស់ខ្លួននៅទូទាំងខេត្តប៉ៃលិន និងបន្តអភិរក្សនូវសមិទ្ធផលចាស់ដែលដូនតាបន្សល់ទុកឲ្យបានគង់វង្ស ។
ក្នុងឱកាសនោះដែរលោកស្រី ជា លាភ ក៏បានប្រគល់នូវលិខិតថ្លែងអំណរអរគុណចំពោះពុទ្ធបរិស័ទ្ធ និងសប្បុរសជនដែលបានចូលរួមកសាងសមិទ្ធផលនានានៅវត្តប៉ាហ៊ី ចំនួន ៦៣នាក់ ។ លោកស្រី ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តបានចូលរួមបច្ច័យកសាងចំនួន ១លានរៀល និងបានចែកជូនពុទ្ធបរិស័ទចូលរួមកម្មពិធីបុណ្យចំនួន៣០០នាក់ដោយម្នាក់ៗក្រម៉ាចំនួន១ និងសារ៉ុង១ ថវិកាម្នាក់ៗ ៥,០០០រៀល និងបានការរាប់បាត្រព្រះសង្ឃចំនួន ១២០អង្គផងដែរ ។
សូមបញ្ជាក់ថា៖ រូបសំណាក និងវិមានតេជះព្រះគោជើងប្រាំដែលមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ៩ម៉ែត្រ កំពស់៩ម៉ែត្រ ចាប់ផ្តើម សាងសង់តាំងពីដើមខែមករា ឆ្នាំ២០១៨ រហូតសាងសង់រួចរាល់ជាស្ថាពរនៅខែ កញ្ញា ឆ្នាំ ២០១៩ ដោយចំណាយថវិកាអស់ប្រមាណ ១៩,២៥០ដុល្លារសហរដ្ឋអាមេរិក ៕ ស សារ៉េត