ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឡោព័ន្ធឆែកឆេរខុនដូរកម្ពស់៩ជាន់ បង្ក្រាបក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់ ដែលជាប់ពាក់ព័ន្ធក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឡោព័ន្ធឆែកឆេរខុនដូកម្ពស់៩ជាន់មួយកន្លែងគ្មានស្លាកយីហោ ជាក់ស្តែងដកហូតគ្រឿងអេឡិចត្រូនិចនិងកុំព្យួរ័ទជាច្រើនគ្រឿង ដែលជាមធ្យោបាយចាប់ជំរិតទារប្រាក់ ។

ករណីបង្ក្រាបក្រុមជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខុនដូអត់យីហោ ស្ថិតនៅអគារលេខ១៧ ផ្លូវលេខ១១២ សង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក ។

យោងតាមមន្រ្តីនគរបាលជំនាញក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោស៊ីវ ឈាន់ អនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមានការសម្របសម្រួលដោយលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននៃក្រសួងមហាផ្ទៃ ,កម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលមូលដ្ឋានខណ្ឌទួលគោកផងដែរ ។ ដោយកម្លាំងចម្រុះបានធ្វើការឡោមព័ទ្ធខុនដូនេះ តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ អស់រយៈពេលជាច្រើនម៉ោង ទើបកម្លាំងជំនាញឆែកឆេររកឃើញជនជាតិចិន១៤៤នាក់ ដែលកំពុងតែប្រមូលផ្តុំគ្នានៅក្នុងខុនដូកម្ពស់៩ជាន់ ដើម្បីធ្វើសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេតទៅក្រៅប្រទេស ។

ដោយឡែកយោងតាមមន្រ្តីនគរបាលខណ្ឌទួលគោក បាឲ្យដឹងដែលថា ក្រុមជនជាតិចិនខាងលើនេះហ៊ានជួលខុនដូរនេះ ក្នុងតម្លៃ១ខែ២៥០០០ដុល្លារ ដោយបានជួលអស់រយៈពេលប្រមាណជិត១ឆ្នាំមកហើយ សម្រាប់ធ្វើជាសកម្មភាពចាប់ជំរិតប្រាក់ពីក្រៅប្រទេសផងដែរ ។

បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនប្រុសស្រីបានចំនួន១៤៤នាក់ ក្នុងនោះមានស្រី៣នាក់ ជាក់ស្តែងដកហូតគ្រឿងអេឡិចត្រូនិចនិងកុំព្យួរ័ទជាច្រើនគ្រឿង ដែលជាមធ្យោបាយចាប់ជំរិតទារប្រាក់ រួចបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖