ព័ត៌មានទាន់ហេតុការណ៍៖

តំណែងមន្ត្រីជាន់ខ្ពស់អាមេរិក​ មិនអាចស្ថិតស្ថេរ ឡើយក្រោមការដឹកនាំរបស់លោកត្រាំ

ចែករំលែក៖

នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បាន ដកតំណែងទីប្រឹក្សាសន្តិ​សុខ​ជាតិ​ដោយ​ខ្វែងគំនិតនៅក្នុងបញ្ហាមួយចំនួន មិនអាចដោះស្រាយបាន ។ សកម្មភាព​ខាង​លើនឹងធ្វើឲ្យ ​លោកត្រាំកាន់តែបាត់បង់ ប្រជាប្រិយភាព សម្រាប់ការបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ​២០២០។

សារព័ត៌មាន BBC ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ថា ក្រោយការដកតំណែង​ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិថ្មី នឹងត្រូវតែងតាំងនៅសប្តាហ៍ក្រោយ។ ការបណ្តេញចេញពីតំណែងនេះបានធ្វើឡើង ស្របពេលដែលមានរបាយការណ៍ ក្នុងការបែងចែកគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ ស្តីពីគម្រោងសន្តិភាព ដែលត្រូវបានលុបចោល ក្នុងការអញ្ជើញក្រុមតាលីបង់ ទៅកាន់អាមេរិក។

លោក បូលតុន គឺជាទីប្រឹក្សាសន្តិសុខជាតិទី៣ របស់លោកត្រាំ បន្ទាប់ពីលោក ម៉ៃឃើល​ហ្វ្រីង និងលោក អេចអ ម៉េកម៉ាស្ទើ។លោក បូលតុន បានជំទាស់ទៅនឹងកិច្ចពិភាក្សា​សន្តិ​ភាព ជាមួយនឹងក្រុមឧទ្ទាមតាលីបង់ ដែលលោកប្រធានាធិបតី បានបោះបង់ចោល កាល​ពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានអញ្ជើញក្រុមតាលីបង់ ទៅកាន់អាមេរិក ដើម្បីពិភាក្សា​ស្វែងរកសន្តិភាព។

ពាក់ព័ន្ធការដកតំណែងនោះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ស្វាគមន៍ចំពោះ​ការបណ្ដេញទី ប្រឹ​ក្សា​សន្តិសុខជាតិ អាមេរិកលោក ចន បូលតុន (John Bolton) ចេញពីតំណែង ពីព្រោះ​ការសម្រេចចិត្តនេះនឹង ទប់ស្កាត់កុំឱ្យសង្គ្រាមផ្ទុះឡើង។

នៅក្នុងសារបង្ហោះលើ Twitter អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក អាលី រ៉ាប៊ីអេ (Ali Rabiei) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាលពីប៉ុន្មានខែមុនលោក ចន បូលតុន បានសន្យាថា នឹងលុបអ៊ីរ៉ង់ចេញពីផែនទីពិភពលោកក្នុងរយៈពេលបីខែ ប៉ុន្តែឥលូវយើងនៅតែ​ឈរនៅ​ទីនេះ តែលោកបែរជាត្រូវបណ្ដេញចេញពីតំណែងទៅវិញ។ ដូច្នេះយើងយល់ថា ការ​បណ្ដេញ​លោក បូលតុន ពីតំណែងគឺជាការទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង ហើយវានឹង​ជួយឱ្យសហរដ្ឋអាមេរិក យល់ ឬស្គាល់ពីអ៊ីរ៉ង់កាន់តែច្បាស់»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះបានបណ្ដេញលោក ចន បូល​តុន ចេញពីតំណែង ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ក្នុងនោះ​រួមមាន​ទាំង​អ៊ីរ៉ង់ កូរ៉េខាងជើង និងអាហ្វហ្គានីស្ថានជាដើម។ លោក ចន បូលតុន គឺត្រូវបានគេស្គាល់ថា ជាបុគ្គលដ៏សំខាន់ ដែលបានជម្រុញឲ្យអតីតប្រធានាធិបតីលោក ចន ដាប៊ែលយូ ប៊ូស វាយប្រហារប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣៕


ចែករំលែក៖