ទីក្រុងមូស្គូ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលនិងដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច១៧នាក់ និងធ្វើឱ្យរាប់សិបនាក់ផ្សេងទៀត រងរបួសនៅរដ្ឋធានីកៀវ និងតំបន់ជុំវិញ កាលពីវេលាយប់កន្លងទៅនេះ។
បើតាមកងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនមិនអាចបាញ់ទម្លាក់មីស៉ីលរុស្ស៉ីបានសូម្បីតែមួយគ្រាប់ អំឡុងការវាយប្រហារថ្មីចុងក្រោយបង្អស់នេះ ប៉ុន្តែយន្តហោះដ្រូន៩៨គ្រឿង ក្នុងចំណោម១១៥គ្រឿង ត្រូវបានបាញ់ស្ទាក់។ ទីក្រុងកៀវបាននិយាយថា ការវាយប្រហាររបស់រុស្ស៉ី បានផ្តោតជាចម្បងមកលើឃ្លាំងស្តុកទំនិញ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងស្ថានីយរថភ្លើងមួយកន្លែង ក៏បានរងការវាយប្រហារផងដែរ។
ជាមួយគ្នានោះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា មនុស្ស១៧នាក់បានបាត់បង់ជីវិត ខណៈអាជ្ញាធរអ៊ុយក្រែន បានប្រាប់ថា មនុស្សសរុបជាង៤០នាក់បានរងរបួស នៅក្នុងទីក្រុងកៀវ និងតំបន់កៀវដែលនៅជុំវិញរដ្ឋធានីអ៊ុយក្រែន។ ប៉ុន្មានខែចុងក្រោយនេះ ទីក្រុងកៀវ បានខិតខំព្យាយាមជំរុញសម្ព័ន្ធមិត្តឲ្យផ្គត់ផ្គង់ប្រព័ន្ធការពារមីស៉ីល Patriot ផលិតដោយសហរដ្ឋអាមេរិក បន្ថែមទៀត ខណៈដែលរុស្ស៊ីបង្កើនការប្រើប្រាស់មីស៊ីលបាលិស្ទីគ ក្នុងការវាយប្រហាររបស់ខ្លួន។ ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកៀវ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានសម្លាប់មនុស្ស១០នាក់ និងធ្វើឲ្យជាង ៣០នាក់ផ្សេងទៀតរងរបួស ខណៈដ្រូនអ៊ុយក្រែន បានពន្លិចកប៉ាល់កុងតឺន័រធំមួយគ្រឿងរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ។
គួរបញ្ជាក់ថា ភាគីទាំងពីរបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយដាក់គ្នាទៅវិញទៅមក ក្នុងពេលប៉ុន្មានសប្តាហ៍មកនេះ ដោយរុស្ស៊ីបានបង្កើនការប្រើប្រាស់មីស៊ីលទ្វេដង កាលពីក្នុងខែកក្កដា។ មនុស្ស ៥នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់មូស្គូប្រទេសរុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងការវាយប្រហារដែលបានកំណត់គោលដៅ លើឃ្លាំងក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៊ី Wildberries។ ដោយឡែក នៅថ្ងៃពុធនេះ អភិបាលក្រុងមូស្គូ បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់ និងបំផ្លាញដ្រូនយ៉ាងតិច ១០គ្រឿង ដែលហោះសំដៅទៅកាន់រដ្ឋធានីរុស្ស៊ី។ រីឯអភិបាលតំបន់ Tula ភាគខាងត្បូងទីក្រុងមូស្គូ ក៏បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបំផ្លាញដ្រូនអ៊ុយក្រែន១០៧គ្រឿង នៅក្នុងតំបន់កាលពីវេលាយប់កន្លងទៅនេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច