នៅថ្ងៃទី១១ ខែកញ្ញា កាលពី១៨ឆ្នាំមុន ទឹកដី គ្រប់ដណ្តប់ទៅដោយ ការភ័យខ្លាច រន្ធត់ដោយសារតែការវាយប្រហារភេរវកម្មជាប្រវត្តិសាស្ត្រ ទៅលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវយ៉ក ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ យន្តហោះដឹកអ្នកដំណើរ៤គ្រឿងត្រូវក្រុមភេរវកម្មប្លន់ ហើយបញ្ជារទៅបុកអគារពាណិជ្ជកម្ម ក្នុងពេលដែលពលរដ្ឋអាមេរិកចាប់ផ្តើមចូលបំពេញការងាររបស់ខ្លួន ដោយមិនដឹកថាជាការងារចុងក្រោយបង្អស់នោះឡើយ។ ការវាយប្រហារនោះបានសម្លាប់មនុស្សដល់ទៅ២៩៩៦នាក់ និងរបួស ៦ពាន់នាក់ ក្នុងរយៈពេលមិនដល់ពីរម៉ោងផង។ នោះជាការវាយប្រហារភេរវកម្មដ៏ធំនៅក្នុងប្រវត្តិសាស្រ្ត ហើយ បានធ្វើឲ្យភូមិសាស្រ្តនយោបាយពិភពលោកត្រូវប្រែប្រួល រហូតមកទល់នឹងពេលបច្ចុប្បន្ន។
នៅព្រឹកព្រលឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ម៉ោង ៦ និង៤៥នាទី នៅព្រលានយន្តហោះអន្តរជាតិក្រុងបូស្តុន ភេរវជន ១០នាក់ ចែកចេញជាពីរក្រុម កំពុងរៀបចំឡើងយន្តហោះ ក្នុងជើងហោះហើរពីរដាច់ពីគ្នា គឺជើងហោះហើរលេខ១១ របស់ក្រុមហ៊ុន Amercian Airlines ពីបូស្តុនទៅ Los Angeles និងមួយទៀត គឺជើងហោះហើរលេខ ១៧៥ នៃក្រុមហ៊ុន United Airlines ឆ្ពោះទៅកាន់ទីក្រុង Los Angeles ដូចគ្នា។
នៅក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នានោះ ភេរវជន២ក្រុមផ្សេងទៀត កំពុងរៀបចំឡើងយន្តហោះ នៅឯព្រលានយន្តហោះពីរផ្សេងទៀត គឺជើងហោះហើរលេខ ៩៣ របស់ក្រុមហ៊ុន United Airlines ពី Newark (New Jersey) ទៅកាន់ San Francisco និង ជើងហោះហើរលេខ ៧៧ របស់ក្រុមហ៊ុន American Airlines ពីព្រលានយន្តហោះអន្តរជាតិ Dulles ក្បែររដ្ឋធានីវ៉ាស៊ីងតោន ឆ្ពោះទៅកាន់ទីក្រុង Los Angeles។
ម៉ោង ៨ និង១៩នាទី ២០នាទីក្រោយពីជើងហោះហើរលេខ១១ ហោះចេញពីព្រលានយន្តហោះក្រុងបូស្តុន ក្រសួងស៊ើបអង្កេត FBI ទទួលទូរស័ព្ទពីនារីអ្នកបម្រើការលើយន្តហោះម្នាក់ ដែលបានប្រាប់ថា យន្តហោះត្រូវបានក្រុមភេរវជនចាប់ពង្រត់។ នៅលើយន្តហោះ គឺមហាម៉េដ អាតា មេក្រុមភេរវជន ដែលជាអ្នកបញ្ជាយន្តហោះ ក្រោយពីបានវាយប្រហារទៅលើអ្នកបើកយន្តហោះទាំងពីររូប។ មហាម៉េដ អាតា បានប្រាប់អ្នកដំណើរលើយន្តហោះទាំងអស់ឲ្យរក្សាភាពស្ងាត់ស្ងៀម ដោយសន្យាថា នឹងបើកយន្តហោះត្រឡប់ទៅកាន់ព្រលាន ដើមវិញ។
ម៉ោង ៨ និង៤០នាទី កងឯកភាពការពារដែនអាកាសអាមេរិកបានចេញបញ្ជាឲ្យយន្តហោះចម្បាំងពីរគ្រឿង ហោះទៅស្ទាក់យន្តហោះដែលត្រូវភេរវជនចាប់ពង្រត់ ក៏ប៉ុន្តែ យន្តហោះចម្បាំងទាំងពីរគ្រឿងនៅមិនទាន់បានហោះចេញពីមូលដ្ឋានទ័ពអាកាសផង នៅម៉ោង ៨ និង៤៦នាទី យន្តហោះនៃជើងហោះហើរលេខ១១ ដែលជាប្រភេទយន្តហោះធុន ៧៦៧ ដឹកអ្នកដំណើរចំនួន ៩២នាក់ ត្រូវបានមហាម៉េដ អាតា បើកទៅបុក អគារទីមួយនៃអគារភ្លោះ World Trade Center។
ប្រមាណជា ១៥នាទីក្រោយមកទៀត នៅម៉ោង ៩ និង៣នាទី នៅក្នុងពេលដែលក្រសែភ្នែកមនុស្សម្នាជាច្រើន ព្រមទាំងកាមេរ៉ាជាច្រើនគ្រឿងកំពុងតែសំឡឹងមើល និងផ្តិតយករូបភាពអគារទីមួយនៃ World Trade Center ស្រាប់តែយន្តហោះមួយគ្រឿងទៀត គឺយន្តហោះធុនប៊ូអ៊ីង ៧៦៧ នៃជើងហោះហើរលេខ១៧៥ ដឹកអ្នកដំណើរចំនួន ៦៥នាក់ ពីបូស្តុន ទៅ Los Angeles ត្រូវបានភេរវជនក្រុមទីពីរហោះទៅបុកអគារទីពីរ។
គិតត្រឹមពេលនោះ គេលែងមានមន្ទិលសង្ស័យអ្វីទៀតហើយថា អ្វីដែលកំពុងកើតឡើងមិនមែនជាគ្រោះថ្នាក់យន្តហោះនោះទេ ប៉ុន្តែ ជាការវាយប្រហារភេរវកម្មទៅលើសហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃទី១១កញ្ញា ពេលដែលភេរវជនបើកយន្តហោះបុកអគារ World Trade Center នៅឯទីក្រុងញូវយ៉ក លោកចច ដាបិលយូ ប៊ូស កំពុងបំពេញទស្សនកិច្ចនៅសាលារៀនមួយកន្លែង នៅក្នុងរដ្ឋហ្វ្លរីដា។
ម៉ោង ៩ និង៥នាទី លោកប៊ូសកំពុងអង្គុយស្តាប់កូនសិស្សសូត្រមេរៀន នៅចំពោះមុខកាមេរ៉ា និងអ្នកសារព័ត៌មានជាច្រើននាក់ ស្រាប់តែលោកអេនឌ្រូ ខាដ (Andrew Card) នាយកខុទ្ទកាល័យនៃសេតវិមានបានចូលទៅខ្សិបដាក់ត្រចៀកប្រាប់ដោយខ្លីថា “មានយន្តហោះមួយគ្រឿងទៀតបើកបុកអគារទីពីរ អាមេរិកកំពុងទទួលរងការវាយប្រហារ”។ ខ្សិបរួចហើយ លោកអេនឌ្រូ ខាដ ក៏ដើរចេញទៅវិញភ្លាម ចំណែកឯលោកប៊ូស បន្តស្ថិតនៅក្នុងថ្នាក់រៀនជាមួយកូនសិស្សតាមកម្មវិធីធម្មតា ដើម្បីចៀសវាងមិនបង្ហាញភាពច្រួលច្របល់ នៅចំពោះមុខម៉ាស៊ីនថត។
ប្រមាណជាជិតកន្លះម៉ោងក្រោយមក ទើបលោកប៊ូសថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយបានបញ្ជាក់ថា អ្វីដែលបានកើតឡើងនៅញូវយ៉ក គឺជាការវាយប្រហារភេរវកម្មទៅលើសហរដ្ឋអាមេរិក។ បន្ទាប់មកលោកប៊ូសបានឡើងជិះយន្តហោះប្រធានាធិបតី (Air Force One) ចាកចេញពីហ្វ្លរីដា។
គិតជាសរុប ការវាយប្រហារភេរវកម្មទាំងបួនកន្លែង គឺនៅអគារទាំងពីរនៃ World Trade Center នៅមន្ទីរប៉ង់តាហ្គោន និងនៅ Pennsylvania បានបណ្តាលឲ្យមនុស្សស្លាប់សរុបជិត ៣ពាន់នាក់។ គឺជាការវាយប្រហារភេរវកម្មដ៏ធំមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ហើយវាជាចំណុចចាប់ផ្តើមនៃសករាជថ្មីមួយនៃទំនាក់ទំនងអន្តរជាតិ ដែលគេតែងតែហៅថា ពិភពលោកក្រោយ១១កញ្ញា។ ជាចំណុចចាប់ផ្តើម ដែលនាំទៅរកសង្រ្គាមដ៏ធំចំនួន២នៃសតវត្សរ៍ទី២១ គឺសង្រ្គាមនៅអាហ្វហ្កានីស្ថាន និងសង្រ្គាមនៅអ៊ីរ៉ាក់ ហើយវាក៏ជាចំណុចចាប់ផ្តើមមួយដែរ នៃអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន ជាមួយនឹងការលេចមុខឡើងនៃក្រុមជីហាតរដ្ឋអ៊ីស្លាម។
១៨ឆ្នាំកន្លងផុតទៅ តែស្រមោលនៃការវាយប្រហារភេរវកម្ម ទៅលើទឹកដីអាមេរិក បានដកជាប់ក្នុងអារម្មណ៍ពលរដ្ឋជានិច្ច ។ ការកម្ចាត់ក្រុមភេរវកម្ម ដែលផ្តើមឡើងដោយអាមេរិកនៅតេមិនទាន់ដល់ទីបញ្ចប់នៅឡើយ ហើយក្រុមភេរវកម្មនៅតែជាការគំរាមកំហែងដដែល៕