ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់ គ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យពីជនបរទេសមួយរូប ដែលមកដាក់សំណើស្នើសុំឲ្យសមត្ថកិច្ចជួយបញ្ជូនរូបគាត់ ត្រឡប់ទៅប្រទេសដើមវិញ ព្រោះបាត់លិខិតឆ្លងដែន ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ ។

ករណីទទួលជនបរទេសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩  នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជនបរទេសខាងលើឈ្មោះ ANDREW PHILIP WEBB ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិអង់គ្លេស (មកកាន់ប្រទេសកម្ពុជា បំណងទេសចរណ៍)។

តាមសម្តីជនជាតិបរទេសរូបនេះ បានប្រាប់សមត្ថកិច្ចថា ដោយសាររូបគាត់ បានបាត់លិខិតឆ្លងដែន និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅផុតកំណត់ ទើបចង់ឲ្យសមត្ថកិច្ចជួយបញ្ជូនរូបគាត់ ត្រឡប់ទៅស្រុកកំណើតវិញ ។

បច្ចុប្បន្នបុរសជនជាតិអង់គ្លេស ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕ស រស្មី


ចែករំលែក៖