ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ ចុះត្រួតពិនិត្យទីតាំងអ៊ិនធើណេត(វីអេ2888)នៅកែងភ្លើងស្តុបផ្សារថ្នល់បត់ចំនួន២ដងហើយ នៅតែបើកលេងបានដដែល

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយជាសាធារណៈរឿងបង្កប់ល្បែងសុីសង ចំពោះទីតាំងលក់កុំព្យូទ័រ និងអ៊ិនធើណេតយីហោ(វីអេ2888) នៅកែងភ្លើងស្តុបផ្សារថ្នល់បត់ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល និងអភិបាលរងខណ្ឌ១ រូបចុះត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងល្អិតល្អន់បំផុត ។

លោកវរសេនីយ៍ទោ តុន តូនី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានឲ្យដឹងថា លោកបានសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ចុះត្រួតពិនិត្យទីតាំងណេតខាងលើនេះ ក្រោយពីទទួលបានបញ្ជាដឹកនាំផ្ទាល់របស់លោកអភិបាលខណ្ឌដង្កោ និងលោកអធិការនគរបាលខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យទៅលើច្បាប់។ ដោយឡែកក្រោយពីពិនិត្យរួចមកឃើញថា ទីតាំងនេះពិតជាមានច្បាប់ត្រឹមត្រូវពីខាងមន្ទីរព័ត៌មានរាជធានី មិនទាន់ហួសសុពលភាពនៅឡើយទេ ហើយលោកបន្ថែមថា អាជ្ញាធរក៏បានតម្រូវឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យមានការឡាយល្បែងស៊ីសង ឬល្បែងភ្នាល់នានា។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោក៏បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងនេះ២ដងរួចហើយ ពុំឃើញមានការLiveល្បែងស៊ីសងនោះទេ។ ទីតាំងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរព័ត៌មានរាជធានីភ្នំពេញ ហើយអាជ្ញាធរក៏បានតម្រូវឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាផងដែរ៕ ភារ៉ា ដង្កោ


ចែករំលែក៖