ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់រលំដើមឈើនៅមាត់ស្ទឹងសៀមរាប បណ្តាលឲ្យមនុស្សប្រុសស្រី ៣នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តសៀមរាប៖ មនុស្ស ប្រុស ស្រី ៣នាក់ ត្រូវដើមឈើរលំសង្កត់លើ ខណៈកំពុងធ្វើដំណើរជិះម៉ូតូ តាមផ្លូវមាត់ស្ទឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល ពេលមេឃកំពុងភ្លៀងលាយឡំនិងខ្យល់ តាមបណ្តោយផ្លូវមាត់ស្ទឹងសៀមរាបពីខាងលិច បង្កឱ្យមានការភ្ញាក់ផ្អើល កកស្ទះចរាចរណ៍នៅតាមផ្លូវមួយសន្ទុះធំ  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទី ល្ងាច ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំនុចជិតគល់ស្ពានថ្ម ទល់មុខវត្ត ព្រះឥន្ទកោសា ហៅ( វត្តកណ្តាល) ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមបានប្រាប់ឲ្យដឹងថា ករណីដើមឈើ រលំ សង្កត់ មកលើអ្នកធ្វើដំណើរ ជិះម៉ូតូនោះ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ប្រុស ស្រី ចំនួន៣នាក់ ខណៈមេឃកំពុងភ្លៀង លាយឡំ និងខ្យល់កន្ទា្រក់ ភ្លាមៗនោះត្រូវបានកម្លាំងរបស់ប្រជាការពារនិងសមត្ថកិច្ចព្រមទាំងបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយសម្រួលចរាចរណ៍ និង កាត់ដើមឈើនោះចេញពីផ្លូវ ព្រមទាំងយកមនុស្សទៅព្យាបាល ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ប្រុស ស្រី ទាំង៣នាក់ ដែលត្រូវបានឈើរលំសង្កត់នោះមាន៖ទី១/ឈ្មោះ ម៉ៅ វណ្ណារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ សិស្ស ទី ៩ មានទីលំនៅ ភូមិ រហាល សង្កាត់នគរធំ ក្រុងសៀមរាប , របួសជើងខាងស្តាំ រយៈ កំភួនជើង និង ខូចខាត ម៉ូតូ ១ គ្រឿងម៉ាក ហុងដា C125 ពណ៌ ខ្មៅ សេរី2010, ទី២/ ឈ្មោះ លឹម  កិន្និដ្ឋា  ភេទស្រី អាយុ ប្រហែល៣៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម  ក្រុងសៀមរាប របួសស្រាល ឈឺកញ្ចឹងក នឹង ឈឺ ក ជើងស្តាំ (កំពុងសំរាកព្យាបាលនៅគ្លីនិក ឡាយ ឃែ ខាងជើងស្តុបទន្លេសាប និងជនរងគ្រោះ ទី៣/ ភេទស្រី អាយុប្រហែល៤០ឆ្នាំ របួសស្រាល មិនទាន់ស្គាល់ ទីលំនៅ ខូចខាតម៉ូតូ ១ គ្រឿង ម៉ាកហុងដា សេ125 ពណ៌ខ្មៅ   សេរី2010 ផ្លាកលេខ ពោធិ៍សាត់ 1C2106។

បច្ចុប្បន្ន ជនរងគ្រោះ ប្រុស ស្រី ទាំង៣នាក់ ក្នុងនោះ មាន២នាក់ ប្រុស ស្រី បានវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃកើតហេតុ ចំណែក ជនរងគ្រោះ ដែលរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ចំណែកម៉ូតូចំនួន ១គ្រឿង ដែលបានផ្ញើគេនៅជិតកន្លែងកើតហេតុ មិនដឹងម្ចាស់ទៅទីណា ទេ ដូច្នេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានយកមកទុក នៅ ប៉ុស្តិ៍ ស្លក្រាម គឺ ម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរី2004 កំពុងស្វែងរកម្ចាស់ ដើម្បីឱ្យមកទទួល៕ ប៊ុនរិទ្ធី


ចែករំលែក៖