ព័ត៌មានទាន់ហេតុការណ៍៖

មានករណីដឹកឈើយ៉ាងសកម្ម ចេញ ពីតំបន់អភិរក្ស ទឹកធ្លាក់ភ្នំខៀវ ប្រើរូបភាពដឹកតាមម៉ូតូច្រើនគ្រឿង

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានករណីដឹកឈើយ៉ាងសកម្មចេញពីក្នុងតំបន់អភិរក្សទឹកធ្លាក់ភ្នំខៀវ ដោយគេប្រើរូបភាពដឹកតាមម៉ូតូជាច្រើនគ្រឿង ស្ទើរតែ រៀងរាល់យប់ចូលមកដាក់តាមសិប្បកម្មនានាដែលនៅក្នុងក្រុងប៉ៃលិន ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៩ មានម៉ូតូពីរគ្រឿងបានដឹកឈើ ប្រណីតចំនួន៤ដុំប្រវែងជាង២ម៉ែត្រយកមក ទម្លាក់នៅចំណុចផ្ទះកំពុងសាងសង់មួយកន្លែងស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពពីអ្នកដឹងឈើបានឲ្យអ្នកយក ព័ត៌មានដឹងថា រាល់ថ្ងៃក្រុមអ្នក
ដឹកឈើតាមម៉ូតូតែងតែ ដឹកឈើចេញពីចំណុចភ្នំខៀវក្នុង ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនដោយដឹកតាមម៉ូតូចាប់ពី២ទៅ៣ដុំក្នុងមួយជើង យកមកលក់ឲ្យតាមសិប្បកម្មនានា ឬកន្លែងដែលគេទិញឈើធ្វើគ្រឿងលំអរផ្ទះដូចពេលនេះជាដើម។

លោកប្រាប់បន្តថា: ការដឹកនេះគឺធ្វើឡើងនៅពេលស្ងាត់ឬនៅពេលមន្ត្រីមិននៅយាមនិងដឹកគេចពីមន្ត្រីជំនាញនានា។

ការពាក់ពន្ធ័ករណីខាងលើ លោក អ៊ាវ រ៉ាប្រធានការិយាល័យអភិរក្សនៃមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងទេ ព្រោះ ប៉ុន្មានថ្ងៃនេះកម្លាំងអភិរក្សទាំងអស់កំពុងតែមករៀន របៀបគ្រប់គ្រងទិន្នន័យព្រៃឈើនៅចំណុចស្នាក់ការទឹកធ្លាក់ភ្នំខៀវ មិនមានកម្លាំង យាមកាមនៅទីនោះទេទើបជនល្មើសលួចដឹកចេញនេះ។

លោកបន្ថែមថា: កន្លងមកបទល្មើសដឹកឈើនេះលោកតែងតែបង្រ្កាបជានិច្ចដោយប្រើកម្លាំងសរុប ចុះល្បាតនិង ការពារនៅតំបន់អភិរក្សគ្រប់កន្លែងទាំងអស់៕ ស សារ៉េត


ចែករំលែក៖