ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរអាជ្ញាខណ្ឌឫស្សីកែវជូនដំណឹងឲ្យលោកឧកញ៉ានួន សុន រុះរើឃ្លាំងស្តុកទំនិញ និងសំណង់ចេញក្នុងរយៈពេល១៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញលិខិតជូនដំណឹងដល់លោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនដែលជួលដីបន្ត រុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗ ចេញពីទីតាំងដីច្រាំងទន្លេសាបក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

នេះបើតាមលិខិតផ្លូវការរបស់អាជ្ញាធេខណ្ឌឫស្សីកែវ ដែលបណ្ដាញព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។

លើសពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវក៏បាន ព្រមានចាត់វិធានការផងដែរ បើលោកឧកញ៉ា នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខាងលើ ហើយអាជ្ញាធរ និងចុះរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ប្រយោជន៍អ្វីឡើយ ក្នុងករណីរឹងរូស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន ។

ក្នុងលិខិតជូនដំណឹងនោះ អះអាងថា ទីតាំងឃ្លាំងស្តុកទំនិញរបស់លោកឧកញ៉ា នួន សុន ត្រូវបានកំពង់ផែស្វយ័តភ្នំពេញ បញ្ចប់កិច្ចសន្យាជួល ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១០មកម្លេះ ។

អំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២ កំពង់ផែស្វយ័តភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងលោកឧកញ៉ា នួន សុន ជាច្រើនលើកច្រើនសារ ដោយតម្រូវឲ្យលោក អនុវត្តបញ្ចប់កិច្ចសន្យា និងបញ្ឈប់សកម្មភាពសាងសង់សំណង់គ្រប់រូបភាព ហើយរុះរើនូវឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងខាងលើ រហូតមានវិធានការផ្លូវច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញ តាមរយៈដីកាសម្រេចរក្សាការពារលេខ ០១ ឃ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែ លោកមិនត្រឹមតែមិនអនុវត្តទេ ថែមទាំងបានសាងសង់សំណង់ថ្មីៗ និងជួលដីនេះបន្តឲ្យទៅតតីយជន ដោយឯកតោភាគីថែមទៀត ។

លោកប្រាជ្ញាសីហា អភិបាលរងខណ្ឌឫស្សីកែវ ថ្លែងប្រាប់កម្ពុជាថ្មីតាមទូរសព្ទ័នៅរសៀលថ្ងៃទី១៤កញ្ញាថា ដីច្រាំងទន្លេសាបចាប់ពីការ៉ាសសាំង PTT ក្បែរប៉ុស្តិ៍ទួលសង្កែទី១ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១រហូតដល់ កន្លែងលក់អំបិលមានចំនួន៣៧ទីតាំងដែលកំពង់ផែរស្វយ័តភ្នំពេញ ជួលទៅឲ្យអាជីវករលក់ដូរនូវមុខទំនិញផ្សេងៗ ដោយមានកិច្ចសន្យាជួលពីកំពង់ស្វយ័តត្រឹមត្រូវ ហើយបញ្ចប់កិច្ចសន្យាតាំងពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១០ មកម្លេះ ។ ក្រោយបញ្ចប់កិច្ចសន្យា ខាងកំពង់ផែរមិនបានយកលុយថ្លែជួលនោះទៀតទេរហូតមកដល់ពេលនេះរយៈពេលជិត១០ឆ្នាំមកហើយ ហើយក៏បានជូនដំណឹងដល់ភាគីអ្នកជួលតាំងពីពេលនោះមកដែរ តែពួកគាត់រុះរើចេញបានតែប៉ុន្មានទីតាំងប៉ុណ្ណោះ ក្រៅពីនោះគឺមិនព្រមចេញឡើយ ។

លោកបន្តថា អាជ្ញាធរបានកោះហៅពួកគាត់មកជួបប្រជុំប្រាប់ពីហេតុផល និងឲ្យរុះរើចេញ ចំនួន៤លើកមកហើយតែមិនទាន់មានអ្នកណារុះរើចេញទេ ជាពិសេសលោកឧកញ៉ានួនសុននេះ មិនដែលមកជួបតាមការណាត់របស់អាជ្ញាធរទេ ហើយទីតាំងរបស់គាត់បានជួលបន្តឲ្យអ្នកទី៣ដោយក្បត់កិច្ចសន្យាជាមួយ និងកំពង់ផែដែលហាមដាច់ខាតមិនឲ្យជួលបន្ត ។ ដូច្នេះអាជ្ញាធរខណ្ឌ និងរះុរើទីតាំងរបស់លោកឧកញ៉ានួនសុនមុនគេ ខណៈគាត់មិនព្រមរុះរើចេញ ព្រោះគាត់អាចជាមរខ្យល់មិនព្រមរុះរើចេញ និងជាគំរូអាក្រក់ដល់អ្នកផ្សេងៗទៀត ៕ អរុណរះ


ចែករំលែក៖