ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ព័ត៌មានបឋមពីអាជ្ញាធរស្រុកសំឡូត ខេត្តបាត់ដំបងឲ្យដឹងថា ភ្លៀងបានធ្លាក់អូសបន្លាយរយៈពេល១យប់ទល់ភ្លឺ កាលពីយប់ថ្ងៃទី១៥ រហូតដល់ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាលឲ្យមានទឹកជំនន់ទឹកភ្លៀងប៉ះពាល់លិចលង់ឃុំចំនួន៤ ក្នុងស្រុកសំឡូត ។ ទឹកបានហូរបុកផ្តាច់ស្ពានយោល១កន្លែងនៅចំណុចរមណីយដ្ឋានស្ទឹងគ្រញូងក្នុងឃុំតាសាញ ប្រវែង៩៩ម៉ែត្រ លិចលង់ផ្ទះប្រជាពលរដ្ឋ២៤ខ្នង និងទឹកកួចពើងនាំសត្វគោចំនួន២ក្បាលបាត់ រួម និងផ្លូវលំមួយចំនួននៅតាមបណ្តាឃុំទាំង៤បានរងការជន់លិចផងដែរ ។ សេចក្តីរាយការណ៍ឲ្យដឹងថា ទឹកជំនន់ទឹកភ្លៀងនៅស្រុកសំឡូតមិនបង្កឲ្យគ្រោះថ្នាក់បាត់បង់អាយុជីវិត ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។ ដោយឡែកមានបុរសវិកលចារឹកម្នាក់នៅឃុំតាតោកបានឡូតចូលទឹកស្ទឹងបម្រុងសម្លាប់ខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះជីវិតទាន់ពេលវេលា ។
អភិបាលស្រុកសំឡូត លោក សើ សាម៉េត ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ឃុំទាំង៤ដែលរងផលប៉ះ ពាល់ដោយជំនន់ទឹកភ្លៀងរួមមានឃុំតាសាញ ឃុំសុង ឃុំតាតោក និងឃុំសំឡូត ព័ត៌មានបឋម មានផ្ទះប្រជាពលរដ្ឋ២៤ខ្នងរងការលិចលង់ និងស្ពានយោលប្រវែង៩៩ម៉ែត្រទឹកបុកផ្តាច់ ។
លោកអភិបាលស្រុកប្រាប់ឲ្យដឹងទៀតថា ស្ថានភាពទឹកភ្លៀងកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា គឺភ្លៀងបានធ្លាក់ខ្លាំងហូសបន្លាយ១យប់ទល់ភ្លឺនាំឲ្យទឹកស្ទឹងនៅក្នុងស្រុកសំឡូតបានហក់ឡើង ។ ប៉ុន្តែស្ថានភាពទឹកជំនន់ទឹកភ្លៀងរហូតមកដល់រសៀលថ្ងៃទី១៦ ខែកញ្ញា បានស្រកទៅវិញជាបណ្តើរនោះហើយ ដោយសារតែស្រុកសំឡូតជាតំបន់ខ្ពង់រាប ទឹកបានហូរបុកចូលទំនប់ពហុបំណងសេកសក ហើយទឹកបន្តបុកធ្លាក់ទៅស្ទឹងសង្កែ ។
លោកអភិបាលស្រុកសំឡូតប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះអាជ្ញាធរស្រុកសំឡូត កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកសំឡូត និងកំពុងប្រមូលព័ត៌មានទំហំខូចខាតរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បីរាយការណ៍ទៅថ្នាក់លើ៕ សំ វិច្ឆិកា