តាមសារព័ត៌មាន អ៊ីរ៉ង់បានផ្សាយថា កម្លាំងទាហានការពារដែនសមុទ្រ អ៊ីរ៉ង់បានចាប់នាវាដឹកប្រេងបរទេសមួយគ្រឿងដែលមាននាវឹក១១នាក់ នៅតំបន់សមុទ្រ Hormuz ។ សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលអ៊ីរ៉ង់កំពុងតែរងការចោទប្រកាន់ពី អាមេរិក និងអារ៉ាប់ ថាបានវាយប្រហារទៅលើទីតាំងប្រេង ដោយយន្តហោះគ្មានមនុស្សបើក។
ជាមួយគ្នានេះដែរ សារព័ត៌មាន Fars News បានផ្សាយថា នាវាដែលឆ្មាំសមុទ្រអ៊ីរ៉ង់ រឹបអូសនោះ គឺដឹកប្រេង“ រត់ពន្ធម៉ាស៊ូត” ហើយនាវិកចំនួន១១នាក់ នៅលើនាវានោះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។
សារព័ត៌មាន Far News របស់អ៊ីរ៉ង់បានផ្សាយថាមេបញ្ជាការកងនាវាចរឆ្មាំបដិវត្តអ៊ីស្លាមបានបញ្ជាក់ថា “នាវាដែលអ៊ីរ៉ង់ចាប់នោះ ឈ្មោះ លីនឆ៍ (Linch) ហើយវាបានចាកចេញពីកំពង់ផែ Lankah ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួម។ នាវានោះបានសំចត នៅចម្ងាយប្រហែលជាង៣០គីឡូម៉ែត្រ នាភាគខាងកើត នៃកោះ Tunb ស្ថិតក្នុងឈូងសមុទ្រពែរ្ស (Persian Gulf)។ កោះ Abu Musa , កោះ Greater និងកោះ Lesser Tunb មានចម្ងាយប្រហែល២ទៅ៣គីឡូម៉ែត្រពីឆ្នេរសមុទ្រអារ៉ាប់អេមីរ៉ាត (UAE) ត្រូវបានគេចាត់ទុកថា ជាចំណុចសំខាន់ និងជាយុទ្ធសាស្ត្រនៅច្រកសមុទ្រហ័រមូស្ស (Hormuz) ដែលត្រូវបានអ៊ីរ៉ង់ដណ្តើមកាន់កាប់ កាលពីអំឡុងឆ្នាំ ១៩៧១ ខណៈប្រទេសអារ៉ាប់រួម ត្រូវបានបង្កើតឡើង។
ប្រសិនបើការរឹបអូសកប៉ាល់នោះជាការពិតមែន វានឹងធ្វើឱ្យសភាពការណ៍មានការផ្លាស់ប្តូរចុងក្រោយរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីរារាំងដល់ការធ្វើនាវាចរណ៍ នៅក្នុងផ្លូវទឹក ដែលជាផ្លូវដ៏សំខាន់បំផុតមួយ សម្រាប់ការផ្គត់ផ្គង់ថាមពល នៅលើពិភពលោក។ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកប្រេង ដោយសារអ៊ីរ៉ង់ ធ្លាប់រឹបអូសនាវាដឹកប្រេងរបស់អង់គ្លេស ក្រោយពេលកងទ័ពរបស់អង់គ្លេស ចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងមហាអំណាចលោកខាងលិចផ្សេងទៀត បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ថា ជាអ្នកបង្ករឿង។ ស្ថានការណ៍ននៅតំបន់ឈូងសមុទ្រពែរ្ស (Persian) បានឡើងកម្ដៅ បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ។ បន្ទាប់មកអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់ បន្ថែមទៀត តាមអ្វីដែលអាមេរិក ចាត់ទុកថា អ៊ីរ៉ង់ជាអ្នកគាំទ្រនូវសកម្មភាពដ៏ឃោរឃៅ នៅតំបន់មជ្ឈិមបូព៌ា។ ក្រៅពីនេះ អ៊ីរ៉ង់ក៏កំពុងតែគាំទ្រដល់ប្រតិបត្ដិការ នៅក្នុងប្រទេសលីបង់, ប្រទេសយេមែន, តំបន់ Gaza Strip និងប្រទេសស៊ីរី ផងដែរ៕