ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ជិត២ពាន់នាក់ដោយទឹកជំនន់នៅក្នុងប្រទេសឥណ្ឌា​

ចែករំលែក៖

សម្ពាធទាបសីតុណ្ហភាព បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង​ នៅរដ្ឋជាច្រើន​ក្នុងប្រទេសឥណ្ឌា  ក្នុងនោះមានរដ្ឋចំនួន​៤ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយគ្រោះទឹកជំនន់ មានដូចជារដ្ឋ​ Kerala, Maharashtra, Bihar និង Madhya Pradesh ។

តាមតួលេខពីក្រសួង​គ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានឲ្យឹងថា គ្រោះទឹកជំនន់ នៅក្នុង​ប្រទេស​ឥណ្ឌា មិនត្រឹមតែបំផ្លិចបំផ្លាញផលដំណាំកសិកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​​តំបន់ប៉ុណ្ណោះទេ ប៉ុន្តែបន្ទុកធ្ងន់ធ្ងរជាងនេះទៀតនោះ គឺបាន​បណ្តាល​ឲ្យមនុស្ស​ ជិត​២ពាន់​នាក់​បាត់បង់ជីវិត ហើយប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត បាត់បង់ទីជម្រក។

សារព័ត៌មាន​ ស៊ីនហួ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩​បានផ្សាយថា ទឹកជំនន់ នៅក្នុង​ប្រ​ទេសឥណ្ឌា បានសម្លាប់មនុស្សចំនួន១៤២២នាក់ក្នុងរយៈពេលប៉ុន្មានខែ​កន្លងមក​នេះ​។​ ជន​រង​គ្រោះ​បាន​បាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង និងឧប្បត្តិហេតុផ្សេងៗ ទាក់ទង​នឹងទឹក​ជំនន់ ស្ថិតនៅក្នុងរដ្ឋមួយចំនួន នៃប្រទេសឥណ្ឌា រួមមាន រដ្ឋ Kerala, Maharashtra, Bihar និង Madhya Pradesh ។

សារព័ត៌មាន The Hindustan Times បានផ្សព្វផ្សាយថា “នៅចន្លោះពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងហោចណាស់ ក៏មានមនុស្ស ១ ៤២២នាក់ បានបាត់​បង់ជីវិត ដោយសារគ្រោះធម្មជាតិ ភ្លៀង​ធ្លាក់ខ្លាំងនេះ។ ជនរងគ្រោះបាត់​បង់ជីវិត​ទាំងនេះ គឺជាចំនួនខ្ពស់បំផុត នៅក្នុងអំឡុងពេល៩ឆ្នាំមុនចុងក្រោយនេះ ដោយសារ​ទាក់​ទង​​នឹងឧបទ្ទវហេតុគ្រោះធម្មជាតិ នៅក្នុងប្រទេសឥណ្ឌា។

ប្រភពព័ត៌​មាន​ដដែល បានបន្តថា កាលពីឆ្នាំមុន ជនរងគ្រោះដែលបានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិ នៅក្នុងប្រទេសឥណ្ឌា មានសរុប ១៣៧៩នាក់ នៅក្នុងនោះ ខេត្ត Kerala តែមួយប៉ុណ្ណោះ មាន​ជនរងគ្រោះ​បាត់​បង់ជីវិត រហូតដល់៤៩៨នាក់ ។

ប្រភពដដែល បានបញ្ជាក់ថា បើតាមទិន្នន័យរបស់ក្រសួងពាក់ព័ន្ធ បានបង្ហាញថា ការ​ស្លាប់​​ទាក់ទងនឹងខ្យល់ព្យុះ មូសុង បានរីករាលដាលពាសពេញប្រទេសឥណ្ឌាម្ដង នៅក្នុង​ឆ្នាំឆ្នាំ២០១៩នេះ ហើយវាច្រើនជាងបណ្ដាឆ្នាំមុនៗ​ទៅទៀត។ ចំនួនអ្នកបាត់បង់ជីវិត ក្នុង​ឆ្នាំនេះ មាន៣១៧នាក់ នៅក្នុងរដ្ឋ Maharashtra, ចំនួន២០៣នាក់ នៅរដ្ឋ West Bengal និង ២០០នាក់នៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ៕


ចែករំលែក៖