ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលកំពុងតានតឹង ជាមួយ អារ៉ាប  ទាហានជើងទឹកអ៊ីរ៉ង់ នៅសមុទ្រ Hormuz ​បន្តចាប់នាវាដឹកប្រេងបរទេស

ចែករំលែក៖

តាមសារព័ត៌​មាន​ អ៊ីរ៉ង់​បានផ្សាយថា  កម្លាំងទាហានការពារដែនសមុទ្រ អ៊ីរ៉ង់​​បានចាប់នា​វាដឹក​ប្រេង​បរទេសមួយគ្រឿង​ដែលមាននាវឹក​១១នាក់ នៅតំបន់សមុទ្រ​ Hormuz ​។ សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលអ៊ីរ៉ង់កំពុងតែរងការចោទប្រកាន់​ពី អាមេរិក និងអារ៉ាប់ ថាបានវាយប្រហារទៅលើទីតាំងប្រេង ដោយយន្តហោះគ្មានមនុស្សបើក​។

ជាមួយគ្នានេះដែរ សារព័ត៌មាន Fars News បានផ្សាយថា នាវាដែលឆ្មាំសមុទ្រអ៊ីរ៉ង់ រឹប​អូស​នោះ គឺដឹកប្រេង“ រត់ពន្ធម៉ាស៊ូត” ហើយនាវិកចំនួន១១នាក់ នៅលើនាវានោះ ក៏ត្រូវ​បានចាប់ខ្លួនផងដែរ។

សារព័ត៌មាន Far News របស់អ៊ីរ៉ង់បានផ្សាយថា​មេបញ្ជាការកងនាវាចរឆ្មាំ​បដិវត្តអ៊ីស្លាម​បានបញ្ជាក់ថា  “នាវាដែលអ៊ីរ៉ង់ចាប់នោះ​ ឈ្មោះ លីនឆ៍ (Linch) ហើយវាបានចាក​ចេញពីកំពង់ផែ Lankah ក្នុងដំណើរឆ្ពោះ​ទៅ​កាន់​ប្រទេស​អារ៉ាប់​រួម។​ នាវានោះបានសំចត នៅចម្ងាយ​ប្រហែលជាង៣០គីឡូម៉ែត្រ នាភាគខាងកើត នៃកោះ Tunb ស្ថិតក្នុងឈូងសមុទ្រពែរ្ស (Persian Gulf)។  កោះ Abu Musa , កោះ Greater និងកោះ Lesser Tunb មាន​ចម្ងាយ​ប្រហែល​២ទៅ៣គីឡូម៉ែត្រពីឆ្នេរសមុទ្រអារ៉ាប់អេមីរ៉ាត (UAE) ត្រូវបានគេចាត់ទុកថា ជាចំណុចសំខាន់ និងជាយុទ្ធសាស្ត្រនៅច្រកសមុទ្រហ័រមូស្ស (Hormuz) ដែលត្រូវបានអ៊ីរ៉ង់ដណ្តើមកាន់កាប់ កាលពីអំឡុងឆ្នាំ ១៩៧១ ខណៈប្រទេសអារ៉ាប់រួម ត្រូវបានបង្កើតឡើង។

ប្រសិនបើការរឹបអូសកប៉ាល់នោះជាការពិតមែន វានឹងធ្វើឱ្យសភាពការណ៍មានការ​ផ្លាស់​ប្តូរចុងក្រោយរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីរារាំងដល់ការធ្វើនាវាចរណ៍ នៅក្នុងផ្លូវទឹក ដែលជា​ផ្លូវ​ដ៏សំខាន់បំផុតមួយ សម្រាប់ការផ្គត់ផ្គង់ថាមពល នៅលើពិភពលោក។ជាមួយ​គ្នា​នេះដែរ សហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយ​ប្រហារជា​បន្តបន្ទាប់​ទៅលើនាវា​ដឹក​ប្រេង ដោយសារអ៊ីរ៉ង់ ធ្លាប់រឹបអូសនាវាដឹកប្រេងរបស់អង់គ្លេស ក្រោយពេលកងទ័ពរបស់​អង់គ្លេស ចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងមហាអំណាចលោកខាងលិចផ្សេងទៀត បានចោទប្រ​កាន់​រដ្ឋាភិ​បាលទីក្រុងតេអេរ៉ង់ថា ជាអ្នកបង្ករឿង។ ស្ថានការណ៍ននៅតំបន់ឈូង​សមុទ្រ​ពែរ្ស (Persian) បានឡើងកម្ដៅ បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយក្លេ​អ៊ែរ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ។ បន្ទាប់មកអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់ បន្ថែមទៀត តាមអ្វីដែលអាមេរិក ចាត់ទុកថា អ៊ីរ៉ង់ជាអ្នកគាំទ្រនូវសកម្មភាពដ៏ឃោរឃៅ នៅតំបន់មជ្ឈិមបូព៌ា។ ក្រៅពីនេះ អ៊ីរ៉ង់ក៏កំពុងតែគាំទ្រដល់ប្រតិបត្ដិការ នៅក្នុងប្រទេសលីបង់, ប្រទេសយេមែន, តំបន់ Gaza Strip   និងប្រទេសស៊ីរី ផងដែរ៕


ចែករំលែក៖