ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ៖ កិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី ៨ មានមន្រ្តីចូលរួមចំនួន ១២០ នាក់ មកពីប្រទេសចំនួន ១៥ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី ៨ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ “ ការលើកកម្ពស់ភាពជាដៃគូទឹក ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា” ដែលនឹងប្រារព្វធ្វើនាថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ដោយមានមន្រ្តីចូលរួមចំនួន ១២០ នាក់ មកពីប្រទេសចំនួន ១៥ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ។
កិច្ចសន្ទនាខាងលើ ត្រូវបានចូលរួមជាអធិបតីថ្លែងបើកដោយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ថ្លែងក្នុងពិធីបើក លោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ភ្លៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះ។ លោករដ្ឋមន្រ្តី បានជម្រាបអំពីសក្តានុពលធនធានទឹកនៅកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍនិងការគ្រប់គ្រងធនធានទឹក ដែលជាវិស័យជាអាទិភាពមួយសំខាន់ក្នុងការទ្រទ្រង់ និងជម្រុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោករដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលលើវិស័យធនធានទឹកដែលសម្រេចបានរហូតមកដល់ពេលនេះ និងការងារជាអាទិភាពដែលកម្ពុជា ត្រូវបន្តអនុវត្តរួមមាន៖ ការបន្តអភិវឌ្ឍនិងពង្រឹងធនធានមនុស្សនិងស្ថាប័ន, ការគ្រប់គ្រងធនធានទឹកចម្រុះនិងការគ្រប់គ្រងអាងទន្លេ, ការគ្រប់គ្រងនិងការកាត់បន្ថយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត, ការកសាងនិងស្ដារប្រព័ន្ធធារាសាស្ត្រនិងអាងទឹក, ការរៀបចំ និងពង្រឹងមូលដ្ឋានចំណេះដឹងបច្ចេកទេស, ការធ្វើឲ្យប្រសើរផ្នែកទំនាក់ទំនងនិងភាពជាដៃគូ, ការចូលរួមរបស់អ្នកពាក់ព័ន្ធ ការលើកកំពស់ការយល់ដឹងជាសាធារណៈ, ការចែករំលែកនិងផ្លាស់ប្តូរព័ត៌មានចំណេះដឹង បទពិសោធន៍និងការអនុវត្តល្អលើនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹក និងនៅមានផ្នែកជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យធនធានទឹកឲ្យបានកាន់តែប្រសើរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ គឺជាតម្រូវការចំបាច់ និងមានសារៈសំខាន់បំផុត។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្រសួង ធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី បានសម្ដែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ, ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូផ្សេងទៀត ដែលបានជួយជ្រោមជ្រែង និងគាំទ្រទាំងនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត ដល់ការអភិវឌ្ឍកម្ពុជា និយាយជារួម និងដល់ការអភិវឌ្ឍ និងគ្រប់គ្រងវិស័យធនធានទឹក និយាយដោយឡែក ដែលបានជួយធ្វើឲ្យវិស័យនេះ ដើរតួនាទីកាន់តែសកម្ម និងរឹតតែសំខាន់ ក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើន នៃកម្ពុជាបន្ថែមទៀត។
លើសពិនេះ លោករដ្ឋមន្រ្តី បានជម្រាបអំពីការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិពាក់ព៍ន្ធនឹងការគ្រប់គ្រងធនធានទឹកឆ្លងដែន តំបន់ និងអន្តរជាតិ និងបានសង្កត់ធ្ងន់ថា ការកើតមាននូវបញ្ហាប្រឈមផ្នែកទឹកក្នុងតំបន់ និងពិភពលោក បានធ្វើឲ្យភាពជាដៃគូទឹក កាន់តែមានសារៈសំខាន់ និងត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ដោយបានចាត់ទុកថា ជាសកម្មភាព អាទិភាពមួយ ក្នុងចំណោមសកម្មភាពជាអាទិភាពផ្សេងទៀត ដែលទាមទាឲ្យគ្រប់ប្រទេសក្នុងតំបន់ និង ពិភពលោក ចាំបាច់ត្រូវធ្វើការជាមួយគ្នាដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវភាពចម្រុងចម្រើនរួមគ្នា និងអនាគតប្រកបដោយចីរភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាឲ្យបានកាន់តែខ្លាំងឡើង និងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឲ្យបានកាន់តែប្រសើរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រ និងជម្រុញកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ និងភាពជាដៃគូសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅចុងបញ្ចប់នៃមតិបើក លោករដ្ឋមន្រ្តី បានជូនពរឲ្យកិច្ចសន្ទនា ប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងទទួលបានជោគជ័យ និងសូមឲ្យការស្នាក់នៅរបស់ភ្លៀវជាតិ និងអន្តរជាតិ នៅសៀមរាបដែលជាទឹកដីអច្ឆរិយៈនៃប្រាង្គប្រាសាទអង្គរ ប្រកបដោយសុខសប្បាយ និងការចងចាំដែលមិនអាចបំភ្លេចបាន។
សូមជម្រាបថា កិច្ចសន្ទនារយៈពេល២ថ្ងៃនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួម ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ ចំណេះធ្វើ និងការអនុវត្តល្អៗ ក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប តាមរយៈការពង្រឹង និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ភាពជាដៃគូពហុភាគី និងការតភ្ជាប់កាន់តែប្រសើរ សម្រាប់ការគ្រប់គ្រងទឹកឆ្លងដែន ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងរីកចម្រើនរួមគ្នា ក្នុងនិងរវាងតំបន់អាស៊ី និងអឺរ៉ុប និងតំបន់ផ្សេងទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖