ភ្នំពេញ៖ យុវសិស្សវិទ្យាល័យវត្តភ្នំ ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៧១ ផ្លូវព្រះស៊ីសុវត្តិ ភូមិទី៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ខឿន ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ ជាសិស្សសាលាវត្តភ្នំ មានទីលំនៅផ្ទះលេខ១៤១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ និងទី២.ឈ្មោះសរ សុធារះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន ៖ ទូរសព័្ទដៃមួយគ្រឿងម៉ាកiphoneពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ) ; ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីគីនិចព ណ៌ស ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព ។
ជនរងគ្រោះ ឈ្មោះឈាន ល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះឡំប្រឺតា តាមផ្លូវព្រះស៊ីសុវត្តិ ពីទិសខាងជើងទៅត្បូង ពេលជិះមកដល់ចំណុចមុខផ្ទះលេខ៧១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីគីនិច ពណ៌ស បើកមកពីក្រោយហើយជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីដៃជនរងគ្រោះបានសម្រេច ហើយជនរងគ្រោះបានស្រែកឆោឡោ គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ និងកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃើញបានជួយធ្វើអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យបានទាំង២នាក់ រួមជាមួយវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យយកមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តនីតិវិធី ៕ស រស្មី