ព័ត៌មានទាន់ហេតុការណ៍៖

រឿងប្រមាថព្រះមហាក្សត្រ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារព្រះរាជបល្ល័ង្គ ការពាររាជានិយម ការពារសម្តេចម៉ែ និង ការពារព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា រាល់ទង្វើណាក៏ដោយដែលធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត ជាការប្រមាថប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល គឺជាអំពើក្បត់ជាតិ មិនអាចអត់ឱនឲ្យបានជាដាច់ខាត។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ បញ្ជាក់យ៉ាងច្បាស់ថា “ទណ្ឌិត សម រង្ស៊ី ត្រូវតែទទួលខុសត្រូវនូវទង្វើរបស់ខ្លួន ចំពោះមុខច្បាប់ជាកំហិត ដូចដែលបានចែងនៅក្នុងក្រុមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌ នៃកម្ពុជា”។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយលោក សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា កន្លងទៅថា “អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះដូចសព្វថ្ងៃនេះទេ”។

ជាមួយគ្នាដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសច្ចាជាឳឡារឹកនៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះវររាជមាតាសម្តេចម៉ែ រួមទាំងព្រះសព ព្រះបរមរតនកោដ្ឋ ថា “…អំណេះតទៅ ទូលបង្គំ (សម្តេចតេជោ) នឹងការពារព្រះរាជបល្ល័ង្គ ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ…”៕ ចេស្ដា


ចែករំលែក៖