ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តខូចឈប់ចតនឹងចិញ្ចើមផ្លូវ រថយន្តមកពីក្រោយមួយទៀតបុកពេញទំហឹង ស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងរថយន្ត នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចមុខការាស់សាំងតេលាស្ថិតក្នុងភូមិអូរតានេស ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក FOSO ពណ៌ស ពាក់ស្លាកលេខ តាកែវ ៣A-១៤០០ បើកបរពីទិសខាងជើងទៅត្បូង ពេលដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-២៧៦៧ ក្នុងដំណើរស្របទិសគ្នាដែលខូចឈប់ចតលើផ្លូវ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាអ្នកបើកបររថយន្ត FUSO នៅនឹងកន្លែងកើតហេតុ បង្កឲ្យរថយន្ត ២គ្រឿងខូចខាតធ្ងន់និងស្រាលផងដែរ ។

ជនរងគ្រោះដែលបាត់បង់ ជីវិតក្នុងហេតុការណ៍ខាងលើនេះឈ្មោះសាង ពៅ អាយុ ២៨ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅក្នុងភូមិជុំហ្នឹង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយ ពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្តិដែលរួមដំណើរជាមួយ ជួលរថយន្តដឹកយកទៅស្រុកកំណើតឯខេត្តបាត់ ដំបងតាំងពីព្រឹកព្រលឹមផងដែរ ។

ម្ចាស់រថយន្តដែលខូចចតនោះបានប្រាប់ឲ្យដឹងថា រថយន្តរបស់គាត់មានបញ្ហាមិនស្រួល រួចក៏ឈប់ដើម្បីពិនិត្យមើល នៅពេលដែលឈប់បានប្រមាណជាង១០នាទី ក៍ស្រាប់តែរថយន្តបង្ករបើកមកបុកពេញមួយទំហឹងបណ្តាលឲ្យស្លាប់មនុស្សម្នាក់តែម្តង ។ ក្រោយពេលកើតហេតុ មធ្យោបាយបង្កទាំងពីរ ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖