ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖​ ស្នងការខេត្តកំពង់ធំ​ចាត់តាំងកម្លាំង​ធ្វើការងារសេដ្ឋកិច្ចយ៉ាងម៉ត់ចត់

ចែករំលែក៖

គ្រប់ខ្សែផ្លូវ​ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានរៀបចំកម្លាំងនគរបាល​ប្រមូលសេដ្ឋកិច្ចជូនលោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល យ៉ាងម៉ត់ចត់ ដោយមិនអនុញ្ញាតឲ្យឈ្មួញរកស៊ីដឹកជញ្ជូន​ទំនិញ​, កសិផល, ជ្រូក មាន់ ទា… រួចផុតពីកម្លាំងរបស់លោកស្នងការនោះឡើយ ។ ប្រភពរាយការណ៍ថា លោកស្នងការនគរបាលខេត្តកំពង់ធំបានចាត់តាំងកម្លាំង​មន្ត្រីក្រោមឱវាទ​មួយចំនួនដែលជាបក្ខពួករបស់ខ្លួន​ឈរតាមផ្លូវជាតិ ដើម្បីចាំប្រមូល​លុយពីការដឹកជញ្ជូន, ចរាចរ​ទំនិញ ដូចជាត្រីសាច់ជាដើម ។ ពួកគេពង្រាយកម្លាំង​ចាំ​ដេញតាមរថយន្តដឹកទំនិញ ឬរថយន្តដឹក​បទល្មើសផ្សេងៗ​ ដោយ​មិនឲ្យរួច​មួយ​រថយន្តណាឡើយ ។ ក្រោមបទបញ្ជារបស់លោកស្នងការ ក្រុមមន្ត្រីអ្នកចុះប្រមូលសេដ្ឋកិច្ចទាំងនោះ មិនខ្លាចនឹងការបង្គាប់ទារលុយ ពីពួកឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ភូមិសាស្ត្រ​ខេត្តកំពង់ធំនោះឡើយ ។

ក្រុមមន្ត្រីដែលត្រូវបានពង្រាយ​នៅតាមផ្លូវជាតិ មានដូចជាលោកវរៈសេនីយ៍​ត្រី ឌី ប៊ុនលី, លោកវរៈសេនីយ៍ ហួរ គឹមហ័ត នាយរងការិយាល័យសេដ្ឋកិច្ច និងលោកអនុសេនីយ៍ឯកជ័យ ចាន់គង់ នាយផ្នែកនៃការិយាល័យ​សេដ្ឋកិច្ច… ដែលពួកគេកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ​នៅក្នុងគ្រប់ស្រុក-ក្រុង ទាំងដែនគោក និងបឹងទន្លេសាប​ ។ ពួកមន្ត្រីទាំងនេះធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច​ខេត្តកំពង់ធំ ពោលគឺនៅលើផ្លូវជាតិលេខ៦ ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប​មានចម្ងាយ​១៤១គីឡូម៉ែត្រ និងផ្លូវជាតិលេខ​៧១​ ពី​ទីប្រជុំជន​កំពង់ថ្ម ក្នុងស្រុកបារាយណ៍ ដល់ព្រំប្រទល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានចម្ងាយ​១៥គីឡូម៉ែត្រ ។ ក្រៅពីនេះ ពួកគេ​ក៏ធ្វើសកម្មភាពនៅលើផ្លូវជាតិលេខ​៦២ ពីទីរួមខេត្តកំពង់ធំ​ដល់ព្រំប្រទល់ស្រុករវៀង ខេត្តព្រះវិហារ​ដែលមានចម្ងាយ​៣៨គីឡូម៉ែត្រ ។ ពួកគេធ្វើសកម្មភាពដេញចាប់ ឃាត់រថយន្តទាំងយប់ទាំងថ្ងៃ ប្រសិនបើមិនបង់ប្រាក់​ឲ្យទេនោះ ។ ​ចំពោះឈ្មួញដែលស្គាល់​ពួកមន្ត្រីនគរបាលទាំងនេះ​ច្បាស់ គឺត្រូវទាក់ទងតាមទូរស័ព្ទជាមុន​រួច​ទើបចាត់ចែងសេវាជាក្រោយ ។

គេរាយការណ៍ថា ពួកគេប្រើប្រាស់រថយន្ត៣គ្រឿង ដែលមានរថយន្តកាមរីពណ៌ស្លែ, រថយន្តឡង់រ៉ូវើ ពណ៌កណ្តុរប្រមេះ និងរថយន្តហ្វ័ត ។ សកម្មភាព​និងទង្វើបែបនេះ ពួកគេមិនខ្វល់អំពីបញ្ហាដែលកើតឡើង​ដូចជាបង្ក​ឲ្យមានគ្រោះថ្នាក់ចរាចរណ៍អ្វីនោះឡើយ ។ និយាយអំពីផ្លូវច្បាប់ ពួកគេ​មិន​គោរព​បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល​ និងមិនស្តាប់តាមគោលការណ៍ណែនាំរបស់​អគ្គស្នងការនគរបាលជាតិនោះទេ ។ ជារឿយៗ តាំងតែពីឡើង​កាន់តំណែង​ជាស្នងការនគរបាលខេត្តកំពង់ធំ លោកអ៊ុក កុសល បង្ករឿងអាស្រូវជាច្រើន ជាពិសេស​ពាក់ព័ន្ធនឹងបញ្ហាបទល្មើសេដ្ឋកិច្ច ។ គេរំពឹងថា លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនបណ្តោយឲ្យបញ្ហា​ទាំងនេះនៅបន្តរីករាលដាលនៅឯស្នងការនគរបាលខេត្ត​កំពង់ធំតទៅទៀតឡើយ ពោលគឺត្រូវវះកាត់ រឿងរ៉ាវទាំងនេះផ្តល់ទំនុកចិត្ត​ជូនប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាផង ៕


ចែករំលែក៖