ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងស្វាយរៀងបន្តជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ​ដើម្បី​ធានាបាន​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ដីធ្លីស្របច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀងបន្តជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ​ដើម្បី​ធានាបាន​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ដីធ្លីស្របច្បាប់។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន២ភូមិគឺភូមិក្បាលស្ពាននិងភូមិពោធិតាហោសង្កាត់ពោធិតាហោក្រុងស្វាយរៀង កាលពីព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩ ។

លោកក៏បានអោយក្រុមការងារជំនាញបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោល​ដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

អភិបាលរងក្រុងស្វាយរៀងបានបន្ថែមថា អាជ្ញាធរក្រុងស្វាយរៀងនិងមន្ទីជំនាញបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូន​ដល់ប្រជាពលរដ្ឋព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ ​​ ជា​ឯកសារ​សំអាងរឹងមាំបើមានជម្លោះដីធ្លី ពិសេសទៀតនោះបានធ្វើឱ្យ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើន។

ក្នុងឪកាសនោះលោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ហើយ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាម​ដំណាក់ គឺការកំណត់​តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយ ការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដីនិងការបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដី​របស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដីផងដែរ៕ យឹម សុថាន​


ចែករំលែក៖