ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីយោធាម្នាក់ដេកស្លាប់នៅតាមចិញ្ចើមផ្លូវសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ មន្រ្ដីយោធាសឹករងខេត្តឧត្ដរមានជ័យម្នាក់ បានដេកស្លាប់នៅនិងចិញ្ចើមផ្លូវ នៅខាងមុខផ្ទះពលរដ្ឋ ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច តាមបណ្ដោយផ្លូវ មុខបញ្ជាការដ្ឋានករាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ប៊ី ជា ភេទប្រុស អាយុ ៣៨ឆ្នាំ ជា មន្ដ្រីយោធា ស្នាក់នៅ ទីបញ្ជាការ គ៨ ចំណុះសឹករង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានបន្តរថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញក្រុង បានសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង កម្លាំងជំនាញការិយាល័យខេត្ត និងគ្រូពេទ្យពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសាកសព មានដូចខាងក្រោម ៖ នៅលើមុខសាកសពមានស្នាមជាំសងខាង ដោយសារស្រវឹងស្រាដើរដួល និងនៅលើក្បាល, រាងកាយពុំមានស្លាកស្នាមរបួសអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ ។

តាមការបំភ្លឺពីលោកគ្រូពេទ្យខេត្តបានឲ្យដឹងថា៖ កាលពីថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ ម៉ោង ២២៖០០នាទី មានអ្នកជំងឺឈ្មោះ ប៊ី ជា ជាអ្នកជំងឺញៀនស្រា ហើយវង្វេងវង្វាន់ស្មារតី និយាយមិនដឹងអី បានចូលមកស្នាក់នៅ និងព្យាបាលក្នុងមន្ទីរពេទ្យខេត្ត ។ ពេលនោះក្រុមគ្រូពេទ្យបានធ្វើការព្យួរសេរ៉ូម ចាក់ថ្នាំ ហើយអ្នកជំងឺឈ្មោះ ប៊ី ជា បាននៅដេកធម្មតា ។ លុះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោងប្រហែល ១២៖០០នាទី អ្នកជំងឺខាងលើ បានផ្ដាច់សេរ៉ូមចេញ ហើយលួចរត់ចេញពីមន្ទីរពេទ្យ។ បន្ទាប់មកនៅវេលាម៉ោង១២៖៤០នាទី ក៏បានទទួលដំណឹងថា អ្នកជំងឺឈ្មោះ ប៊ី ជា បានដេកស្លាប់នៅតាមផ្លូវ ក្នុងភូមិឃុំខាងលើ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ៖ ជនរងគ្រោះឈ្មោះ ប៊ី ជា ពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ។

ក្រោយបញ្ចប់ការពិនិត្យ ក្រុមការងារ បានយកសាកសព ទៅតម្កល់ទុកនៅសាលតម្កល់សាកសពក្នុងពេទ្យខេត្តឧត្ដរមានជ័យ រង់ចាំសាច់ញាតិមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖