ខេត្តពោធិ៍សាត់៖ ក្មេងទំនើងស្រីប្រុសចំនួន ៧នាក់ក្នុងចំណោមប្រមាណ ២០នាក់ រួមទាំងអាវុធ(ដាវ) និងមធ្យោបាយផងដែរ ត្រូវបានកម្លាំងនគរបាលប្រមូលទុកម្ដុំ ដើម្បីបន្តនីតិវិធី និងស្រាវជ្រាវ បន្ទាប់ពីពួួកគេជ្រើសរើសយកទីតាំងនោះដើម្បីធ្វើសង្រ្គាម ខណៈគេគិតអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានមិនថេះនោះឡើយ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣៦នាទី យប់ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចំណុចទល់មុខអេធីវីយីហោ(មនោរម្យ) ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា ជារើយៗក្រុមក្មេងទំនើងមកពីភូមិ.ឃុំ.ស្រុកនានា នៃខេត្តពោធិ៍សាត់ ភាគច្រើនយកទីតាំងខាងលើនេះ ដើម្បីធ្វើសកម្មភាពផ្សេងៗដូចជា ឌឺដង វាយតប់ កាប់ចាក់គ្នា ពេលខ្លះសមត្ថកិច្ចមិនហ៊ានបង្រ្កាបបានត្រឹមឈរមើលក៍មាន ទើបថ្ងៃនេះសហការបង្រ្កាបបានចំនួន ៧នាក់ ក្នុងនោះមាននារីចំនួន ២នាក់ផងដែរ ។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រត្តិបត្តិការបង្រ្កាបក្មេងទំនើងស្រីប្រុសចំនួន ៧នាក់ ក្នុងចំណោមមុខសញ្ញាចំនួន ២០នាក់ កម្លាំងឆែកឆេរ និងដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន ច្រវ៉ាក់ ០១ខ្សែ ដាវចំនួន ០៣ដើម និងមធ្យោបាយម៉ូតូចំនួន ៧គ្រឿងផងដែរ ហើយជនសង្ស័យក្មេងទំនើងស្រីប្រុសទាំងចំនួន ៧នាក់ រួមទាំងវត្ថុតាងដាវ.ច្រវ៉ាក់ ជាអាវុធ និងមធ្យោបាយម៉ូតូ នាំយកទៅបន្តនីតិវិធី និងស្រាវជ្រាវរកមុខសញ្ញា នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។
ប្រភពពីមហាជនលើកឡើងស្រឌៀងៗគ្នាថា សង្ឃឹមថាមន្រ្តីជំនាញផ្នែកព្រហ្មទណ្ឌធ្វើបានលទ្ធផល មានប្រសិទ្ធភាព និងតំឡាភាព កុំគិតតែអ្នកមានលុយមានការធានាធ្វើកិច្ចសន្យាអប់រំដោះលែងបាត់ ហើយអ្នកមានអំណាចក៍ចឹងដែរកុំអន្តរាគមន៍ខុសរឿងពេក ទុកលទ្ធភាពឲ្យមន្រ្តីជំនាញ និងស្ថាប័នច្បាប់ធ្វើការខ្លះផងលោកព្រះ ៕ បុឹម ពិន