ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូសុខៗ ត្រូវរថយន្តបុកពីក្រោយពេញទំហឹង និងអូសជាង២០ម៉ែត្របណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ហេតុការណ៍គ្រថ្នាក់ចរាចរណ៍នៅកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ នៅតាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះញឹម សុវន្ថារ៉េត អាយុ៦០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុនស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនចំណែកអ្នកឌុបរងរបួសស្រាលមានឈ្មោះ សុខ ពន្លឺ អាយុ៣៥ឆ្នាំ។ រីឯបើករថយន្តមានឈ្មោះ ចាន់ សារ៉ែន អាយុ៣៦ឆ្នាំ មុខរបរ អ្នកលក់រថយន្ត ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកយ៉ាមហា ហ្វីណូ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FA-9490 ធ្វើដំណើរតាមផ្លូវ៤៨៨ ក្នុងទិសដៅពីរជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានបុរសខាងលើបើករថយន្តម៉ាកធុនត្រា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1AY-2720 ធ្វើដំណើរស្របទិសគ្នាមកពីរក្រោយ ក៏ជ្រុលមកបុកម៉ូតូពេញទំហឹង បណ្ដាលជនរងគ្រោះជាអ្នកឌុបខ្ទាតចេញខាងរងរបួសស្រាល ចំណែកអ្នករួមដំណើរជិះខាងក្រោយត្រូវបានរថយន្តអូសជាប់នៅខាងក្រោមរថយន្តចំងាយជាង២០ម៉ែត្របណ្ដាលឲ្យជនរងគ្រោះ បាត់បង់ជីវិតនៅកន្លែហកើតហេតុភ្លាមៗ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក 4RunnER ពណ៌សំបកឪឡឹក ដែលចតស្ងៀមនៅមុខសាម៉ាត ចំហៀងផ្នែកខាងមុខ ភ្លាមៗអ្នកបើលរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន និងបានប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ ចំណែកអ្នករងរបួសស្រាល ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ។
ក្រោយមក គេឃើញវត្តមានបងប្អូនសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ មានការយំសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំង ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សរស្មី