ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីក្រោមឧិវាទអាជ្ញាធរដែនដី នៅវេលាទៀបភ្លឺថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃបិណ្ឌទី១១ បានអញ្ជើញទៅបោះបាយបិណ្ឌជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ ។
មិនថា តែវត្តសំរោងអណ្តែតនោះទេ គឺបណ្តាវត្តនៅទូទាំងប្រទេស ពលរដ្ឋខ្មែរអ្នកកាន់ព្រៈពុទ្ធសាសនាក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះតែងបាននាំគ្នារៀបចំជាបាយបិណ្ឌ ឬហៅថា បាយពុំនូតយកមកបោះនៅលើដីតាមទីអារាមនានាទៅតាមជំជឿពីដូនតា ដោយយល់ថា នេះជាការបញ្ជូនអាហារឲ្យទៅដល់ញាតិការទាំង៧ សណ្តាន មានជីដូន ជីតា ឪពុកម្តាយបងប្អូន កូនចៅជាដើមដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ ហើយក្រែងភ្លាំងភ្លាត់ដោយប្រការណាមួយធ្លាក់ខ្លួនជា ជាប្រេត ហើយត្រូវបានយមបាល យមរាជដោះលែងឲ្យមករកបងប្អូន កូនចៅ សាច់សារលោហិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌក្នុងរយះពេល១៥ថ្ងៃនេះដើម្បីឲ្យពួកគាត់បានទទួលនូវចំណីអាហារដែលកូនចៅឧទ្ទិសជូនតាមរយះ ការបោះបាយបិណ្ឌនេះ ។
លោកអភិបាលនិងលោកស្រីបានអញ្ជើញចូលរួមស្ដាប់ព្រះសង្ឃស្វាធ្យាយ ជយន្តោ និងសូត្របរាភវះសូត្រទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ។
តាមការកត់សម្គាល់ជាទូទៅបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ តាមទីអារាម នានាមានស្ថានភាពល្អប្រសើរ ប្រជាពលរដ្ឋអញ្ជើញទៅធ្វើបុណ្យទានដោយទឹកចិត្តជ្រះថ្លា និងរីករាយ ។
លោកឃួង ស្រេង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាពេលថ្មីៗនេះ បានណែនាំដល់កងកំលាំងមានសមត្ថ កិច្ច អាជ្ញាធរដែនដីសង្កាត់ ខណ្ឌត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈតាមវត្ត,តាមទីសាធារណៈ,ការសំរួលចរាចរ និងលើកកំពស់ ការប្រុងប្រយត្ន័ពីគ្រោះអគ្គីភ័យ ។
លោកអភិបាលបានថ្លែងថា ក្នុងរយះពេល៣ថ្ងៃ នៃការឈប់សម្រាកបុណ្យភ្ជុំដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត គឺបងប្អូនផ្ញើផ្ទះសម្បែងជាមួយអាជ្ញាធររបស់យើងជួយមើលផ្ទះឲ្យបងប្អូនផង ៕ សំរិត