អឺរ៉ុបបានខិតខំចាប់តាំងពីការវាយប្រហារទៅលើទីតាំងប្រេងរបស់ប្រទេស អារ៉ាប៊ី សាអូឌីត អ៊ឺរ៉ុប បានរក្សាភាពស្ងប់ស្ងាត់ មិនទម្លាក់កំហុសទៅលើក្រុមណាមួយនោះឡើយ ។ នៅពេលនេះអឺរ៉ុប បានចេញសេចក្តីប្រកាសរួម ដោយមានប្រទេស អង់គ្លេស, បារាំង និងអាល្លឺម៉ង់ បានថ្កោលទោសអ៊ីរ៉ង់វាយប្រហារទីតាំងប្រេងអារ៉ាប៊ីសាអ៊ូឌីត។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ យន្តហោះដ្រូន២គ្រឿងបានវាយប្រហារទីតាំងចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យភ្លើងឆេះទ្រង់ទ្រាយធំ និងកាត់ផ្តាច់ចរន្តផលិតប្រេងអស់មួយរយៈពេលខ្លីផងដែរ ។ ការវាយប្រហារនេះ ក្រុមឧទ្ទាមហូធីនៅក្នុងប្រទេសយេមែនបានប្រកាសទទួលស្គាល់ការវាយប្រហារ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបន្ទោសទៅលើអ៊ីរ៉ង់ជាអ្នកវាយប្រហារ។
ប្រធានាធិបតីបារាំង លោក អេមម៉ាណូអែល ម៉ាក្រុង (Emmanuel Macron), លោកស្រី អេងហ្គេឡា មឺកែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសន (Boris Johnson)បានថ្លែងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ថា អ៊ីរ៉ង់ជាព្នកនៅពីក្រោយការវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ។
រដ្ឋាភិបាលប្រទេសទាំងបីបានចេញថ្លែងការណ៍រួមថា ពេលវេលាបានមកដល់ហើយសម្រាប់អ៊ីរ៉ង់ទទួលយកក្របខ័ណ្ឌចរចារយៈពេលវែងស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន, ព្រមទាំងបញ្ហាសន្តិសុខនៅក្នុងតំបន់ ដែលរួមបញ្ចូលទាំងកម្មវិធីមីស៊ីលរបស់ខ្លួន» ។
សេចក្តីថ្លែងការណ៍រួមបានផ្សាយទៀតថា «យើងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការវាយប្រហារគោលដៅទីតាំងចម្រាញ់ប្រេងនៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់ Abqaiq និង Khurais ហើយយើងសូមប្រកាសជាថ្មីការរួមសាមគ្គីភាពរបស់យើងជាមួយរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ហើយនិងប្រជាជនរបស់រាជាណាចក្រកនេះ… ។ វាច្បាស់ចំពោះយើងណាស់ថា អ៊ីរ៉ង់គឺជាអ្នកទទួលខុសត្រូវការវាយប្រហារនេះ ។ គ្មានការពន្យល់ណាមួយដែលអាចជឿទុកចិត្តបានទៀតទេ ។ យើងគាំទ្រការស៊ើបអង្កេតដែលកំពុងបន្តដើម្បីព័ត៌មានលម្អិត»។
សកម្មភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនង រវាងអ៊ីរ៉ង់និងបណ្តាប្រទេសលោកខាងលិច កាន់តែតានតឹងថែមទៀត អាចឈានដល់ការផ្ទុះសង្គ្រាម ។ កន្លងមកអាមេរិក ក៏បានប្រកាសបញ្ជូនកម្លាំងទាហាន អាវុធជាច្រើនប្រភេទ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីតដើម្បីត្រៀមលក្ខណៈ ទប់ទល់ជាមួយអ៊ីរ៉ង់ ។
ក្នុងពេលជាមួយគ្នានោះដែរ អ៊ីរ៉ង់ ក៏បានខិតខំស្វែងរកខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះមានរុស្ស៊ី និង ចិន។ នៅពេលដ៏ខ្លីខាងមុខ អ៊ីរ៉ង់ នឹងធ្វើសមយុទ្ធត្រីភាគី ជាមួយរុស្ស៊ីនិងចិន ដើម្បីបង្កើនសមត្ថភាពការពារ ជួយសង្គ្រោះ ។
ពាក់ព័ន្ធនិងទីតាំងប្រេងដែលរងការវាយប្រហារនោះ អារ៉ាប៊ីសាអូឌីតបានប្រកាសថា នឹង ដំណើរការពេញលេញនៅសប្ដាហ៍ក្រោយ ។ចាប់តាំងពីការវាយប្រហារអារ៉ាប៊ី សាអូឌីត បានបាត់បង់ជាង៧៥ភាគរយ ឲ្យវិលមករកសភាពដើម (ការផលិត ពេញលេញ) វិញ នៅសប្តាហ៍ក្រោយនេះ។
ប្រភពព័ត៌មានពីឧស្សាហកម្ម បាននិយាយថា រោងចក្រ Khurais ឥឡូវនេះកំពុងផលិតប្រេងបានច្រើនជាង១,៣ លានបារ៉ែល ក្នុងមួយថ្ងៃ ហើយរោងចក្រ Abqaiq ផលិតប្រហែល៣លានប៉ារ៉ែល។ រោងចក្ររបស់ក្រុមហ៊ុន Aramco ទាំងពីរ បានរងនូវការវាយប្រហារ ដោយគ្រាប់មីស៊ីល ពីយន្តហោះគ្មានអ្នកបើកបរ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាលឱ្យមានភ្លើងឆាបឆេះ និងខូចខាតយ៉ាងធ្ងន់ធ្ងរ។ រីឯទិន្នផលប្រេងរបស់ប្រទេសនេះ ក៏ត្រូវកាត់បន្ថយការប្រហែល៥០ភាគរយផងដែរ។
ព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានមានព្រះបន្ទូល កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អាចដោះស្រាយផលប៉ះពាល់នូវអ្វីដែលទ្រង់បានពិពណ៌នាថា នេះជាសកម្មភាពដ៏កម្សាក នៅក្នុងការបំផ្លិច បំផ្លាញ មកលើព្រះរាជាណាចក្រមួយនេះ និងស្ថិរភាព នៃការផ្គត់ផ្គង់ថាមពល នៅលើពិភពលោក។ ព្រះអង្គបានមានបន្ទូលបែបនេះ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយព្រះមហាក្សត្រ Hamad នៃប្រទេសបារ៉ែន ស្ដីពីសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។
ជាមួយគ្នានេះដែរ ការទូតក៏បានផ្ដោតទៅលើការវាយប្រហារទៅលើបុរីញូវយ៉ក ជាទីដែលមេដឹកនាំពិភពលោកកំពុងជួបជុំគ្នា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ រីឯអារ៉ាប៊ីសាអ៊ូឌីត និងអាមេរិក បានស្តីបន្ទោសទៅលើអ៊ីរ៉ង់ ចំពោះការវាយប្រហារ នោះ ហើយអង់គ្លេសកាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ក៏បានចូលសកម្មភាពជាមួយនឹងប្រទេសទាំង២នេះផងដែរ៕