ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកមង្គលបូរី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទប្រើអំពើហិង្សាសា យកកាំបិតកាប់ទៅលើគូទំនាស់របស់ខ្លួន បណ្តាលឲ្យរបួសចំនួន៣នាក់ ។
លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥០នាទីយប់ នៅលើផ្លូវភូមិស្តីក្រោម ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីក្មេងទំនើងជិះម៉ូតូដេញកាប់ម៉ូតូ១គ្រឿងផ្សេងទៀត បណ្តាលមានអ្នករងរបួសចំនួន៣នាក់ ។
ក្រោយពីកើតហេតុជនដៃដល់ចំនួន២នាក់ ត្រូវបាននគរបាលជំនាញអធិការដ្ឋាននគរបាលស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋឃុំគយមែង ចាប់ខ្លួនបាន ។
ក្រុមជនដៃដល់មានឈ្មោះកាត ម៉ុនថៃ ភេទប្រុស អាយុ ២៣ឆ្នាំនៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុក មង្គលបូរី និង ឈ្មោះ ថន លាប ភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិតានង ឃុំគយម៉ែង ។
ពួកគេទាំង២នាក់បានជិះម៉ូតូ១គ្រឿង តាមពីក្រោយហើយបានយកកាំបិតកាប់ទៅលើ ក្រុមជនរងគ្រោះ០៣នាក់ដែលកំពុងជិះម៉ូតូបណ្តាលឲ្យរងរបួស មាន១/-ឈ្មោះស៊ី ណារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំនៅភូមិប្រឡាយលួងក្រោម ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី របួសខ្នងមួយកន្លែង,២/-ឈ្មោះ ឃួន តូច ភេទ ប្រុស អាយុ ២២ឆ្នាំ នៅភូមិ ប្រឡាយលួងក្រោមរបួសកែងដៃរឆ្វេងមួយកន្លែង ,៣/-ឈ្មោះ ឆែម វាសនា ភេទ ប្រុស អាយុ២១ឆ្នាំភូមិប្រលាយលួងក្រោមរបួសលើចង្កេះក្រោយផ្នែកខាងឆ្វេង។
ចំពោះមូលហេតុដែលបង្កឲ្យកើតមានអំពើហិង្សានេះ បណ្តាលមកពីពួកក្រុមជនរងគ្រោះជិះម៉ូតូស៊ីភ្លេដាក់ ។
បច្ចុប្បន្នជនដៃដល់ទាំង២នាក់ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
ចំណែកជនរងគ្រោះទាំង៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ វណ្ណា