ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖  ​​​​ ប្រយ័ត្នខ្មាស ប្រេត !

ចែករំលែក៖

នៅពេលប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ថ្ងៃភ្ជុំបិណ្ឌ(បិណ្ឌធំ)នឹងមកដល់ ហើយថ្ងៃនេះព្រជាពលរដ្ឋនិងពុទ្ធបរិស័ទខ្មែរដែលគោរពប្រពៃណីទំនៀមទម្លាប់តាមជំនឿព្រះពុទ្ធសាសនានឹងសម្រឹតសម្រាំងធ្វើម្ហូប បាយសម្ល ចំណីអាហារ ទៅប្រគេនព្រះសង្ឃព្រមទាំងបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធចំពោះជីដូន ជីតា ញាតកា៧សន្តានដែលចែកឋានទៅ ។ ក្នុងថ្ងៃនេះដែរតាមនាយជាលដឹង ក្រៅពីមានចង្ហាន់នៅសេសសល់ពីប្រគេនព្រះសង្ឃនៅឯវត្ត មានពលរដ្ឋខ្មែរយើងខ្លះ ជាពិសេសអ្នកក្នុងវ័យកំពុងមានកម្លាំង ពិតជាជួបជុំបងប្អូនមិត្តភក្តិ ផឹកស៊ីចាក់ធុងបាស់ រាំច្រៀងយ៉ាងសប្បាយ ព្រោះគិតថាមួយឆ្នាំជួបគ្នាម្តង ។

ប៉ុន្តែអ្វីដែលនាយជាលបារម្ភនោះខ្លាចអ្នកខ្លះយកកម្មវិធីផឹកស៊ីនេះ ក្លាយទៅជាកម្មវិធីស្រវឹងកាប់ចាក់វាយតប់គ្នា ដោយអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ ឯអ្នកខ្លះទៀតជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ឬពិការអស់មួយជីវិត ។ បានជានាយជាលបារម្ភយ៉ាងនេះ ព្រោះនាយជាលបានសង្កេតឃើញថាស្ទើររាល់ឆ្នាំឲ្យតែមានកម្មវិធីធំៗម្តងៗចៀសមិនផុតទេពីបញ្ហាបែបនេះ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ។

ម្យ៉ាងទៀតក៏តែងសង្កេតឃើញ របៀបទូកទៅកំពង់នៅ ពោលបានន័យថា ក្រោយពីបញ្ចប់កម្មវិធីភ្ជុំបិណ្ឌ មានអ្នកខ្លះចាកចេញទៅបាត់ ទុកបំណុលវ័ណ្ឌក ឲ្យឪពុក ម្តាយដោះស្រាយថ្លៃស្រា ថ្លៃទិញគ្រឿងក្លែម ដោយមិនទាន់គិតមាន់ទាក្នុងទ្រុងដែលលោកកូនៗចាប់បោចមិនបាច់សុំឪពុកម្តាយនោះផង ។ វាជារឿងពិត ដែលកូនៗខ្លះជូនលុយឪពុកម្តាយ ៤ទៅ៥ម៉ឺនរៀលសោះ តែបែរជាទុកបំណុលឲ្យឪពុកម្តាយសងគេដល់ទៅជាង១០ឬ២០ម៉ឺនរៀល ។

ទង្វើបែបនេះនាយជាលគិតថា បើមិនខ្មាសអ្នកជិតខាង ក៏គួរខ្មាសប្រេតខែភ្ជុំដែរ ព្រោះថាក្រោយពីយមបាលដោះលែងឲ្យមានសេរីភាព១៥ថ្ងៃ ដើម្បីមកទទួលបាយបិណ្ឌ ហើយពេលយមបាលប្រមូលត្រឡប់ទៅឋាននរកវិញក៏ពួកប្រេតស្រែកថា អរគុណ! ឬបាយ បាយ! មនុស្សលោកដែរ មិនមែនដូចមនុស្សលោកខ្លះទុកនូវកង្វល់ដល់អ្នកមានគុណដោយទៅផ្ទះវិញមិនសំពះលាគាត់មួយមាត់នោះទេ ។ និយាយបែបនេះតិចថា នាយជាលដឹងរឿងរ៉ាវរបស់ប្រេតច្រើនទៅ ? ការពិតនាយជាលនិយាយចង់សំដៅមនុស្សមួយចំនួនដែលគ្មានការពិចារណាវែងឆ្ងាយ និងខ្លាចអ្នកទាំងនោះខ្មាសប្រេតទៅវិញទេ ៕  នាយជាល

 


ចែករំលែក៖