ភ្នំពេញ៖ របរទិញប្រាក់រៀលថ្មី ដើម្បីទុកដូរឱ្យអ្នកទៅវត្ត ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាឱកាសដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានមុរបរច្បាស់លាស់ ចង់រកប្រាក់ចំណូលបន្ថែម។
នៅខ្លោងទ្វារ និងក្នុងបរិវេណវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានបុរស ស្ត្រីវ័យកណ្ដាល និងក្មេងៗជាច្រើននាក់ ក្នុងដៃកាន់ក្រដាស់ប្រាក់១០០រៀល និង៥០០រៀល ជាច្រើនដុំ សម្រាប់ទុកដូរឱ្យអ្នកដែលទៅវត្ត និងចង់ទទួលសេវានេះ។ របរទិញដូរក្រដាសប្រាក់រៀលថ្មីនេះ បានជម្រុញឲ្យមានការកើនឡើងនៃចរាចរណ៍ប្រាក់នៅលើទីផ្សារ។ ប្រាក់រៀលថ្មីៗទាំងនេះ ត្រូវបានគេយកដាក់រាប់បាត ប្រគេនព្រះសង្ឃ និងចែកជូនលោកតាលោកយាយចាស់ៗ។
បើតាមសំដីអ្នកដូរក្រដាស់ប្រាក់រៀលម្នាក់នៅវត្តនៅរាជធានីភ្នំពេញ ដែលបានចាប់អាជីពនេះយូរឆ្នាំមកហើយ បានឲ្យដឹងថា គាត់មករកប្រាក់ចំណូលបន្ថែម ហើយបានប្រកបរបរប្ដូរប្រាក់រៀលថ្មីនេះ ដែលក្នុង ៨,០០០រៀលថ្មី ដូរយកចំណេញ ២,០០០រៀល។ របរតាមរដូវនេះ គឺមិនអាចរកចំណូលបានទៀងទាត់នោះទេ បើមានអ្នកទៅវត្តច្រើន ហើយគេទទួលសេវានេះច្រើន នោះគឺអាចរកប្រាក់បានច្រើនដែរ។ របរនេះ អាចរកចំណូល បានប្រមាណ ១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀលនៅក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
ក្រៅពីរបរទិញដូរប្រាក់រៀលថ្មី នៅរដូវបុណ្យភ្ជុំនេះ ក៏មានរបរផ្សេងៗទៀតផងដែរ ដែលប្រជាពលរដ្ឋខ្មែរធ្វ ជាពិសេសក្មេងៗ អាចរកប្រាក់ចំណូលបន្ថែមតាមរបៀបរបស់ខ្លួន ដូចជារបរផ្ញើរស្បែកជើងជាដើម នៅពេលដែលភ្ញៀវមានបំណងចង់ផ្ញើរស្បែកជើង។ ក្នុងមួយថ្ងៃ របរនេះ អាចរកប្រាក់ចំណូលបានប្រមាណ ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល។
គួរបញ្ជាក់ថា ដើម្បីគាំទ្រគោលនយោបាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ ធនាគារជាតិនៃកម្ពុជា តែងតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូប ប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន ក៏ដូចជាចូលរួមចំណែកអបអរសាទរចំពោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ៕ ជ្រោយពេជ្រ