ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចលុយនិងទូរស័ព្ទគេដល់ក្នុងផ្ទះគេចខ្លួនបាត់ស្រមោលលុះត្រឡប់មកវិញសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ចូលធ្វើសកម្មភាពលួចទូរស័ព្ទដៃ រួមទាំងប្រាក់ដុល្លារជាង៨០០ដុល្លារសហរដ្ឋអាមេរិកដែលម្ចាស់គេទុកក្នុងហោប៉ៅខោក្នុងផ្ទះ រួចគេចខ្លួនបាត់ស្រមោល  លុះត្រឡប់មកវិញ ម្ចាស់គេដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទីទៀបភ្លឺ ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ ម៉ាន សុផល ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង់ សុផា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ ម៉ាន សុផល ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយឡែកទ្រព្យសម្បត្តិមាន៖ ប្រាក់ដុល្លារចំនួន៨៨០ដុល្លារសហតដ្ឋអាមេរិក ,ប្រាក់រៀលចំនួន៤០០០០រៀល ,ទូរសព្ទ័ដៃម៉ាកHuawei ចំនួន១គ្រឿង ,ខោរកាមែលជើងខ្លីចំនួន១ ,កាបូបលុយចំនួន១ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ និងប័ណ្ណចេញចូលនៅប្រទេសថៃចំនួន១មានសុពលភាពចំនួន២ឆ្នាំ។

ប្រភពដដែលបន្តថា ជនសង្ស័យ និងជនរងគ្រោះ គឺជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩  ជនរងគ្រោះបានទុកខោរបស់ខ្លួននៅក្នុងផ្ទះ ដោយនៅក្នុងខោនោះ មានទូរស័ព្ទដៃមួយគ្រឿង និងប្រាក់ដុល្លារចំនួនជាង៨០០ដុល្លារផងដែរ  លុះព្រឹកឡើងថ្ងៃទី២៣ ខែឆ្នាំដដែល ជនរងគ្រោះក្រោកពីដេកឡើង បានមកយកខោមកស្លៀក ស្រាប់តែស្ទាបក្នុងហោប៉ៅ បានបាត់សម្ភារះដូចបានរៀបរាប់ខាងលើ ដោយមានការសង្ស័យថា ចោរលួច ក៏ដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យចាត់ការតាមច្បាប់ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៤ ខែឆ្នាំដដែល ខណៈដែលជនសង្ស័យត្រឡប់ចូលផ្ទះវិញ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានចូលទៅលួចប្រាក់ដុល្លារ និងប្រាក់រៀល ព្រមទាំងទូរស័ព្ទដៃពិតប្រាកដមែន ដែលកាលពីថ្ងៃទី២២ ខែឆ្នាំកើតហេតុ វេលាម៉ោង៣ទាបភ្លឺ ខ្លួនបានលួចចូលក្នុងផ្ទះជនរងគ្រោះធ្វើសកម្មភាពលួច ដោយបានយកលុយ និងទូរស័ព្ទពីក្នុងហោប៉ៅខោ រួចក៏បោះខោចោល និងកាបូបលុយទៅក្នុងទឹកព្រែកកំពុងហូរ រួចបានហៅរថយន្តតូរីសជិះទៅស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយបានយកទូរសព្ទ័ទៅលក់នៅផ្សារសៃវ៉ាបានលុយចំនួន៣០០ដុល្លារ យកលុយដែលមានទាំងប៉ុន្មានទៅផឹកស៊ីនៅភ្នំពេញអស់ទើបត្រលប់មកផ្ទះវិញ៕ ស្អាងជ័យ


ចែករំលែក៖