ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រដែលចតនៅលើចំណីផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង ។
ហេតុការណ៍បានកេីតឡេីងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្ដោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ តុង ឆេង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរចុងភៅ នៅភោជនីយដ្ឋាន ជំនោរក្បាលកោះ ស្នាក់ផ្ទះជួលម្តុំបឹងត្របែក ស្រុកកំណើតភូមិអូ ស្រុកជុំគីរីខេត្តកំពត ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកFUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3E-3804 បានចតនៅលើចំណីផ្លូវនៅចំណុចកើតហេតុខាងលើក្នុងទិសដៅកើតលិច ក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ អត់មានស្លាកលេខ បានធ្វើដំណើរយ៉ាងលឿនមកពីក្រោយស្របទសដៅគ្នា ហើយមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តពីក្រោយពេញទំហឹង ធ្វើឲ្យម៉ូតូចូលក្រោមរថយន្តរងការខូចខាត រីឯជនរងគ្រោះបានបោកក្បាលនិងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ