ព័ត៌មានទាន់ហេតុការណ៍៖

ទាល់លុយខ្លាំងពេក ជនសង្ស័យម្នាក់ប្រើកូនកាំបិតភ្ជង់ប្លន់យកម៉ូតូនិងទូរស័ព្ទដៃទាំងព្រឹកនៅខណ្ឌមានជ័យ តែសំណាងមិនល្អត្រូវសមត្ថកិច្ចដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចភ្ចុងប្លន់យកម៉ូតូនិងទូរស័ព្ទដៃពីយុវតីម្នាក់នៅបរិវេណវិទ្យាល័យចាក់អង្រែ មិនបានសម្រេច ។

ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅបរិវេណវិទ្យាល័យចាក់អង្រែក្រោម ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឡៅ ម៉េងលាង ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិអូណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងមានទីលំនៅក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក។

ចំណែកយុវតីរងគ្រោះមានឈ្មោះ គង់ រក្សា អាយុ ១៨ឆ្នាំមុខរបរជាសិស្សស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

តាមសម្ដីយុវតីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូចេញពីផ្ទះសំដៅមកវិទ្យាល័យចាក់អង្រែក្រោម បំណងយកសៀវភៅតាមដានដើម្បីទៅដាក់នៅ ក្រសួងអប់រំយុវជននិងកីឡា ដើម្បីយកអាហារូបករណ៍ ពីព្រោះរូបនាងប្រលងជាប់និតិ ។ ខណៈមកដល់វិទ្យាល័យរូបនាងបានបើកទូរសព្ទមើលឃើញមិត្តភក្កិបានឆាតមកប្រាប់ថាថ្ងៃនិងគ្រូមិនបានរៀនទេរូបបានឡើងជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ តែពេលនោះក៏មានជនសង្ស័យម្នាក់បានយកកាំបិតចុងស្រួចមកភ្ជង់ចង្កេះនាង ហើយប្រាប់ឲ្យនាងប្រគល់ទូរសព្ទឱ្យគេនឹងប្រគល់ម៉ូតូឲ្យគេ តែពេលនោះប្រជាពលរដ្ឋបានឃើញស្រែកឆោឡោស្រាប់តែជនសង្ស័យក៏ទម្លាក់កាំបិតនិងទូរសព្ទចោល បំរុងរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដែលឈរការពារតាមផ្លូវដេញចាប់ឃាត់ខ្លួនភ្លាមបានតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ដោយសារតែរូបគេទាល់លុយទើបធ្វើឲ្យគេធ្វើសកម្មភាពប្លន់យកទូរស័ព្ទដៃម៉ូតូរបស់យុវតីរងគ្រោះ តែមិនបានសម្រេចត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ភារ៉ា  ដង្កោ


ចែករំលែក៖