ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការរិះគន់លើ កូនប្រុសអតីតអភិបាលខេត្តសៀមរាប ឆាប់បានឡើងតំណែង ជាអភិបាលស្រុកទាំងវ័យក្មេង

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្ទុះការរិះគន់សារជាថ្មីម្តងទៀតហើយ រឿងមន្ត្រីដែលមានខ្សែធំអាចឡើងតំណែងខ្ពស់ទាំងវ័យក្មេង។​ ថ្មីៗនេះនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកមានការភ្ញាក់ផ្អើលនឹងចែកចាយព័ត៌មានតៗគ្នាទាក់ទងនឹងនាយករងរដ្ឋបាលខេត្តសៀមរាបឆាប់បានឡើងតំណែងជាអភិបាលស្រុកបន្ទាយស្រីទាំងក្មេងល្ហក់។

ពិតណាស់ កូនប្រុស លោកឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាបដែលគេស្គាល់ថា លោកឃឹម ហ្វីណង់  មានតួនាទីជានាយករងរដ្ឋបាលសាលាខេត្តសៀមរាប ត្រូវបានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចតែងតាំងជា អភិបាលស្រុក បន្ទាយស្រី ជំនួសលោកណុប វុធ្ធី ដែលត្រូវបានឲ្យទៅបម្រើការងារនៅសាលាខេត្តសៀមរាបវិញ ។

ក្រៅពីការតែងតាំងអភិបាល ស្រុកបន្ទាយស្រីថ្មី ក៏មានការតែងតាំងអភិបាលស្រុក ចំនួន៤ស្រុកផ្សេងទៀត នៃខេត្តសៀមរាប ក្នុងនោះមានស្រុកពួក ស្រុកវ៉ារិន ស្រុកស្រំស្នំ ស្រុកស្វាយលើ ។

ទោះយ៉ាងណា ការតែងតាំង លោកឃឹម ហ្វីណង់ ដែលនៅមានវ័យក្មេង ជាអភិបាល ស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ សង្ឃឹមថា លោកនឹងខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងដឹងទុក្ខលំបាករបស់ពួកគាត់។គួបញ្ជាក់ថាលោកឃឹម ហ្វីណង់ ក៏មានមុខងារ នៅក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖