ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា រថយន្តកាមរីមួយគ្រឿង ត្រូវបានឆាបឆេះនៅសល់តែគ្រោងឆ្អឹងដោយសារតែផ្ទុះធុងហ្គាស តែមនុស្សចុះរត់ទាន់ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ស៊ុន អេង បន្តថា ករណីឆេះឡាននៅលើផ្លូវជាតិលេខ៦៤ ចំណុចខាងកើតផ្សាស្វាយលើថ្មីប្រហែល១គីឡូម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ៤០ លេខ៤១ ឡានម៉ាក Camary ពណ៌ខ្មៅ ស៊េរី៩៣ ស្លាកលេខ ភ្នំពេញ ២C ៥៨៤៩ អ្នកបើកបរឈ្មោះ ឆន ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកបន្តថា ករណីនេះ មូលហេតុមកពីផ្ទុះធុងហ្គាស ក្នុងឡានខាងលើ។ លោកបន្ថែមថា ក្នុងហេតុការណ៍នេះ នគរបាលស្រុកបានបាញ់ទឹកជួយពន្លត់អស់១ឡាន ទើបបានរលត់ជាស្ថាពរ។
លោកបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ។ លោកថា អ្នកបើកឡានប្រើហ្គាសគួរតែឧស្សាហ៍ឆែកធុងហ្គាសផង ព្រោះវាអាចឆាបឆេះបានដោយយថាហេតុ៕ ប៊ុនរិទ្ធី