ខេត្តពោធិ៍សាត់៖ ជនសង្ស័យប្រុសស្រីចំនួន ៤នាក់រួមទាំងឧបករណ៍ជាវត្ថុតាងពាក់ព័ន្ធបទល្មើស ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលធ្វើការបង្រ្កាប និងដកហូតបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា កិច្ចប្រតិបត្តិការបង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០កញ្ចប់ ក្នុងនោះធំ ១កញ្ចប់ ស្មើនឹងទម្ងន់ចំនួន ១៦,៤៦ក្រាម និងឧបករណ៍.សម្ភារៈផ្សេងៗជាច្រើនដូចក្នុងរូបភាព សម្រាប់បំរើក្នុងបុព្វហេតុបទល្មើស ។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យប្រុសស្រីទាំង ៤នាក់ រួមទាំងវត្ថុតាង សង្ស័យគ្រឿងញៀន និងឧបករណ៍បទល្មើសទាំង បាននាំ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធ បញ្ជូនបន្តទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ បុឹម ពិន