ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងវេទិកាសាធារណៈប្រជាពលរដ្ឋខណ្ឌចំការមនស្នើឲ្យអាជ្ញាធរជួយដោះស្រាយ រឿងលូ សំរាម ភ្លើងបំភ្លីផ្លូវ និង គ្រឿងញៀន សន្ដិសុខ សុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ដែលបានធ្វើឡើងនៅកោះពេជ្រខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ចូលរួមចំនួន៥៦៣នាក់ បានលើកឡើងជាសំណើ និងសំណូមពរ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូនពួកគាត់ ហើយសំណើ និងសំណូមពរ ទាំងនោះភាគច្រើនផ្តោតលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស រឿងលូ សំរាម ភ្លើងបំភ្លឺផ្លូវ គ្រឿងញៀន និងសន្ដិសុខ សូវត្ថិភាពសាធារណៈ ។

វេទិកានេះបានធ្វើឡើងក្រោមវត្តមាន លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីព្រមទាំងប្រជាពលរដ្ឋផងដែរ ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថាការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះ គឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ និងអនុក្រឹត្យលេខ២១៥អនក្រ.បកចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញ តម្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ ។

លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាពតម្លាភាពក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីធានាថារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប ។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ម្យ៉ាងទៀតក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណងជំរុញនូវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ។

លោកបន្តថា រាល់សំណើសំណូមពរដែលបងប្អូនបានដាក់ជូនក្រុមរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៨ កន្លងមកគឺក្រុមប្រឹក្សាបានចាត់ឲ្យគណៈអភិបាលធ្វើការដោះស្រាយជាបន្តបន្ទាប់ និងសំណូមពរមួយចំនួនដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានីខណ្ឌនោះក្រុមប្រឹក្សារាជធានីបានចាត់ឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីខណ្ឌសង្កាត់ហើយនឹងបានធ្វើការដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះគឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលរាជធានីជាមួយរដ្ឋបាលខណ្ឌរដ្ឋបាលសង្កាត់ប្រជាពលរដ្ឋតំណាងសង្គមស៊ីវិល និងវិស័យឯកជនក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នាដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីប្រកបដោយចីរភាពតម្លាភាព និងប្រសិទ្ធភាព ។

សូមបញ្ជាក់ថា៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់នេះប្រជាពលរដ្ឋបានលើកឡើងជាសំណើសំណូមពរជាច្រើនក្នុងនោះរួមមានការជំរុញឲ្យអាជ្ញាធរដោះ ស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងដោយសារតែរាល់ពេលភ្លៀងម្តងៗលំនៅដ្ឋានរបស់ពួកគាត់ទទួលរងការលិចលង់ ។ ឲ្យជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុន ស៊ីនទ្រីប្រមូលសំរាមមិនអស់ និងមិនទៀងពេល ។ ការជំរុញឲ្យកាត់មែកឈើដែលបាំងបង្គោលភ្លើងការជំរុញឲ្យមានវិធានការក្តៅក្នុងការលប់បំបាត់គ្រឿងញៀននៅក្នុងមូលដ្ឋាន និងសូមឲ្យប្រជាពលរដ្ឋទូទៅបងប្អូនអាជីវករ ចូលរួមគោរពទង់ជាតិនៅរាល់ម៉ោង៧ព្រឹកគ្រប់គ្នា និងគ្រប់កន្លែង ។

អាជ្ញាធររាជធានីបានបញ្ជាក់ថា៖ រាល់សំណើសំណូមពររបស់បងប្អូនក្នុងនាមរដ្ឋបាលរាជធានីដាច់ខាតត្រូវធ្វើជូនពោលគឺបើជួយបានយើងជួយភ្លាមតែបើសំណើសំណូមពររបស់បងប្អូនហួសពីសមត្ថភាពអាជ្ញាធរនឹងរាយការណ៍ជូនថ្នាក់លើដើម្បីថ្នាក់លើជួយបន្តទៀត៕ សំរិត


ចែករំលែក៖