ព័ត៌មានទាន់ហេតុការណ៍៖

ទើបផឹកស្រាជាមួយគ្នាហើយឃើញអង្គុយលើតុតូបលក់ចាប់ហួយគិតថាស្គាល់គ្នា ក៏សួរនាំស្រាប់តែយកកាំបិតផ្គាក់គំរាមអារកគេធ្វើឲ្យគេភ័យប្ដឹងសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាជនរងគ្រោះម្នាក់ បានផឹកស្រាជាមួយបក្ខពួក រួមទាំងជនសង្ស័យម្នាក់ទៀតផងដែរ រហូតផឹករួច បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន បន្ទាប់មកបុរសរងគ្រោះ បានឃើញជនសង្ស័យអង្គុយលើតុផ្ទះលក់ចាប់ហួយ គិតថាទើបផឹកជាមួយគ្នាហើយ ក៏សួរនាំជនសង្ស័យ ស្រាប់តែជនសង្ស័យស្ទុះទៅយកកាំបិតផ្គាក់មកគំរាមអាករជនរងគ្រោះ រហូតប្រតាយប្រតប់គ្នា ធ្វើឲ្យជនរងគ្រោះមានរបួសស្នាម រត់ទៅប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ពេញ វ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រីឯជនរងគ្រោះឈ្មោះ ថុល ចាន់ថន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតផ្គាក់ ករកុកមានប្រវែង៧៨សង្ទីម៉ែត្រ ដងធ្វើពីឬស្សីមាប្រវែង៥៣សង្ទីម៉ែត្រ និងផ្លែដែកប្រវែង២៥សង្ទីម៉ែត្រ ចំនួន១។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ រួមទាំងបក្ខពួក៦នាក់ទៀត បានផឹកស្រាជាមួយគ្នា នៅផ្ទះរបស់ឈ្មោះ ខឿន លុះផឹកស៊ីរួចហើយ ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន ខណៈ ផឹកនោះ គឺពុំមានការទាស់ទែងពាក្យសម្ដីអ្វីឡើយ លុះបានមួយសន្ទុះក្រោយមក ជនរងគ្រោះ បានឃើញជនសង្ស័យអង្គុយនៅតុមុខផ្ទះអ្នកលក់ចាប់ហួយ ដោយគិតថាទើបផឹកជាមួយគ្នារួច ភ្លាមនោះជនរងគ្រោះក៏បានសួរជនសង្ស័យថា៖ បងមិនទៅផឹកទៀតទេឬ ភ្លាមនោះ ស្រាប់តែជនសង្ស័យបានស្ទុះមក ដោយយកកាំបិតមកភ្ជុងលើក.ជនរងគ្រោះបំរុងអារក ភ្លាមនោះជនរងគ្រោះក៏ភ័យ ក៏បានរើបំរាស់ចេញដោយប្រតាយគ្នា បណ្តាលឲ្យត្រូវជនរងគ្រោះដាច់ស្បែកត្រង់ករ ផ្នែកខាងស្តាំមានប្រវែង៨,៥សង្ទីម៉ែត្រ ក្រោយពីរើរួចជនរងគ្រោះបានរត់មកផ្ទះ រួចប្តឹងសមត្ថកិច្ច ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះ ក៏ចុះឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

សុំបញ្ជាក់ផងដែរថា ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារ កាលពីឆ្នាំ២០០៤ រយះពេល១២ឆ្នាំ ករណី មនុស្សឃាតនៅស្រុកលើកដែក ៕ ស្អាងជ័យ


ចែករំលែក៖