ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីធ្វើសកម្មភាពវាយដំបណ្ដាលឲ្យស្រ្ដីម្នាក់រងរបួស និងទ្រព្យសម្បត្ដិផ្សេងទៀតរងការខូចខាត

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួន ក្រោយពីក្រុមជនសង្ស័យខាងលើនេះ ប្រដាប់ដោយដាវ ដំបង និងដុំថ្ម បានមកធ្វើសកម្មភាពវាយដំ និងគប់ បណ្ដាលឲ្យស្រ្ដីម្នាក់រងរបួស និងទ្រព្យសម្បត្ដិផ្សេងទៀត ទទួលរងការខូចខាត ។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៤០នាទី ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុទ្ធ យ៉ាន ស្ថិតក្នុងភូមិក្រោលគោ ឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្តាល។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យសរុបមានគ្នា៤នាក់ ចាប់ខ្លួនបានម្នាក់ឈ្មោះ រឿន ធឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ចំណែកជនសង្ស័យគ្នា៣នាក់ទៀតរត់គេចខ្លួន ទី១.ឈ្មោះ ហៅ រតន: ហៅណាក់ ប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ,ទី២.ឈ្មោះ ផៃ សិរីរត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងទី៣.ឈ្មោះ សាយ បារាំង ហៅយ៉ាំង ជនជាតិខ្មែរ មុខរបរកម្មករ ។ ជនសង្ស័យទាំង៤នាក់ ខាងលើមានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ចំណែកជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ យ៉ាន ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសស្រាលដើមដៃខាងស្ដាំ១កន្លែង) ,ទី២.ឈ្មោះ ប្រាជ្ញ បញ្ញា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី៣.ឈ្មោះ ប្រាជ្ញ សីហា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ (របួសស្រាលរលាត់ស្បែកលើដកកាំបិតខាងស្ដាំ១កន្លែង) ។ ជនរងគ្រោះទាំង៣នាក់ខាងលើនេះ មានទីលំនៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ។ ដោយឡែកសម្ភារដែលទទួលរងការខូចខាតមាន៖ បែកកញ្ចក់ទ្វាឡានខាងមុខចំហៀងខាងស្ដាំចំនួន១ ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតបានមាន៖ ដំបងឈើមូលចំនួន៥ដើម ,បំណែកដុំឥដ្ឋប្រហោង៣ដុំ និងដុំថ្ម២ដុំ ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២០ ជនរងគ្រោះឈ្មោះ ពុទ្ធ ធារ:យុទ្ធ និងឈ្មោះ ប្រាជ្ញ បញ្ញា បានជិះម៉ូតូឌុបគ្នា ទៅមើលគេរាំធុងបាស់ នៅមុខវត្តពាម ខណៈនោះ ស្រាប់តែជនសង្ស័យឈ្មោះ ផៃ សិរីរត្ន័ បានដើរសំដៅមករកវាយជនរងគ្រោះឈ្មោះ ប្រាជ្ញ បញ្ញា ភ្លាមនោះជនរងគ្រោះឈ្មោះ ប្រាជ្ញ បញ្ញា និងឈ្មោះ ពុទ្ធ ធារ:យុទ្ធ ក៏គេចដើរចេញមកយកម៉ូតូនាំគ្នាជិះត្រឡប់ទៅផ្ទះទៅ ។

លុះជិះមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈរបស់ឈ្មោះ សាំង ស៊ីម ក៏បានឃើញជនសង្ស័យទាំង៤នាក់ខាងលើ ជិះម៉ូតូជាច្រើនគ្រឿង នាំគ្នាស្ទាក់ផ្លូវជនរងគ្រោះ ឃើញដូច្នោះ ជនរងគ្រោះ បានបើកម៉ូតូរត់ចូលទៅលាក់ខ្លួននៅផ្ទះឈ្មោះ សុទ្ធ យ៉ាន ស្ថិតក្នុងភូមិក្រោលគោ ឃុំសំបួរមាស រួចទូរសព្វ័ហៅស្រ្ដីរងគ្រោះឈ្មោះ យ៉ាន ស្រី ត្រូវជាម្ដាយ និង បងប្រុសឈ្មោះ ប្រាជ្ញ សំណាង ឲ្យបើកឡានមកយកខ្លួនទាំងពីរនាក់ទៅផ្ទះ ព្រោះមានគេស្ទាក់វាយតាមផ្លូវ ភ្លាមនោះស្រ្ដីឈ្មោះ យ៉ាន ស្រី និងឈ្មោះ ប្រាជ្ញ សំណាង បានបើកឡានយកកូន នៅកន្លែងកើតហេតុ ភ្លាមនោះ ក្រុមជនសង្ស័យ បានមកដល់ដោយមានកាន់ដំបង ,ដុំថ្ម និងដាវសាំម៉ូរ៉ៃ បានធ្វើសកម្មភាពគប់ផ្ទះ និងឡានជនរងគ្រោះ បណ្ដាលឲ្យត្រូវស្រ្ដីរងគ្រោះ ឈ្មោះយ៉ាន់ ស្រី ចំដើមដៃខាងស្ដាំចេញឈាម និងបែកកញ្ចក់ឡានទ្វាមុខខាងស្ដាំ ភ្លាមនោះក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាងមកជួយ ឃាត់ ទើបក្រុមជនសង្ស័យរត់បែកចេញពីគ្នាទៅផ្ទះរៀងៗខ្លួនបាត់អស់ ។

លុះមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទីទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិរដ្ឋបាលសំបួរមាស ដើម្បីចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។

ប្រភពដដែលបានបន្ដទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះ សមត្ថកិច្ច បានស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ រឿន ធឿន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកសង្ស័យ៣នាក់ទៀត ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿង ស្រាវជ្រាវ ដើម្បីចាត់ការបន្ដទៀត ៕ ស្អាងជ័យ


ចែករំលែក៖