ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាចោរជំនាញលួចម៉ូតូនៅកន្លែងទទួលផ្ញើនៅបរិវេណមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនរួមទាំងវត្ថុតាងជាក់ស្ដែង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូបុរសម្នាក់ដែលជាមេតុងទីនបានសម្រេចហើយ តែសំណាងមិនល្អដោយសារម៉ូតូមានបំពាក់ប្រព័ន្ធGPS ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ភូមិសេប៉េសេ ផ្លូវលំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវឃាត់ខ្លួននោះឈ្មោះ កង ដារ៉ាវុធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៩បេ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រីឯវត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាកZOOMER.X ពណ៌លឿង ពាក់ស្លាកលេខ1FZ 0681 លេខតួ5072855 លេខម៉ាស៊ីន0072855 (ជារបស់ជនរងគ្រោះ)។ និងស្លាកលេខម៉ូតូចំនួន០១ ភ្នំពេញ1HN.0003(ជារបស់ជនសង្ស័យបម្រុងប្តូរដោះដាក់ម៉ូតូដែលលួចបាន)។ ចំណែកជនរងគ្រោះឈ្មោះ គង់ សុផល ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេតុងទីន ស្នាក់នៅផ្ទះលេខ១៨២ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ ជនរងគ្រោះឈ្មោះ គង់ សុផល ភេទប្រុស អាយុ៦៧ឆ្នាំ បានយកម៉ូតូម៉ាក ZoomerX ពណ៌លឿង ស្លាកលេខ ភ្នំពេញ.1FZ.0681 លេខតួ៥០៧២៨៥៥ លេខម៉ាស៊ីន០០៧២៨៥៥ ទៅផ្ញើនៅកន្លែងទទួលបញ្ញើម៉ូតូរបងមន្ទីរពេទ្យកាល់ម៉ែត ផ្លូវលេខ៨០ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះបានទៅយកម៉ូតូពីកន្លែងផ្ញើ ស្រាប់តែបាត់ម៉ូតូ ក៏មានការឆោឡោរួចរាយការណ៍ និងដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង ។ បន្ទាប់ពីទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវរកម៉ូតូតាមរយៈប្រព័ន្ធជីភីអេស រហូតដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះកង ដារ៉ាវុធ ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុច ភូមិសេប៉េសេ ផ្លូវលំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងធ្វើការដោះដូរស្លាកលេខម៉ូតូ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាងម៉ូតូយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកធ្វើការសាកសួរ។
ចំពោះមុខ កម្លាំងខណ្ឌប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញសួរចំលើយរកបក្ខពួក និងសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនីតិវិធី។ ឆ្លងតាមការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យឈ្មោះ កង ដារ៉ាវុធ ជាលទ្ធផល គឺវិជ្ជមាន(មានសារធាតុញៀន) និងធ្លាប់ជាប់ពន្ធនាគារមួយលើករយៈពេលពីរឆ្នាំ នៅមណ្ឌលកែប្រែ (ម១) ពីបទ ធ្វើឲ្យខូចខាតដោយចេតនា៕ស តារា