ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ យោងតាមប្រភពពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញរបស់លោក បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់ប្លន់ ក្នុងរាជធានីភ្នំពេញចំនួន៧នាក់នោះ រួចបានធ្វើការសាកសួរ អស់រយៈពេលមួយយប់មួយថ្ងៃ ទើបបែកធ្លាយបក្ខពួកក្រុមជនសង្ស័យចំនួន៣នាក់ គឺជាជនដៃដល់ពាក់ព័ន្ធនិងករណីឃាតកម្មសម្លាប់មនុស្ស កាលពី២ខែមុន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅម្តុំវត្តពោធិ៍កន្លងទៅ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោក យឹម សារ៉ាន់ បន្តថា ឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដោយគេប្រទះឃើញសាកសពបុរសម្នាក់ ត្រូវឃាតកម្មកាប់សម្លាប់នៅក្នុងផ្ទះ ស្ថិតនៅភូមិត្រពាំងពាយ ជិតផ្សារពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលជាប់ករណីឃាតកម្ម ទី១៖ ឈ្មោះ សៀង តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ, ២៖ ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង៣៖ ឈ្មោះ យ៉ុង សហសវត្សន៍ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ស្នោរ។
លោកអធិការខណ្ឌ បានបន្តទៀតថា ខណៈនេះកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ កំពុងសហការយ៉ាងក្តៅគគុក ជាមួយកម្លាំងជំនាញខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រកភស្តុតាងបន្ថែមទៀតផងដែរ ។
គួរបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរឆក់ប្លន់ដ៏សកម្ម បានចំនួន៧នាក់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទីព្រឹក នោចំណុចផ្លូវមហាវិថីវិមានឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពលួច ;ឆក់ ;ប្លន់ រាប់មិនអស់ នៅក្នុងទឹកដីខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងខណ្ឌនានាទៀតផងដែរ និងដកហូតមធ្យោបាយធ្វើសកម្មភាពម៉ូតូ៤គ្រឿង ;ទូរស័ព្ទដៃ២គ្រឿង iPhone 6 និង iPhone 7,ខ្សែក២ខ្សែ និងចិញ្ចៀន១វង់ និងលុយចំនួន១០,០០០រៀល ។
បច្ចុប្បន្នជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសួរនាំបន្តចាត់ការតាមនិតិវិធីច្បាប់ ៕សុខា សែនជ័យ