ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិរ៉ូហ៊ីនយ៉ានៅមីយ៉ាន់ម៉ា មិនទាន់មានសុវត្ថិភាពនៅឡើយទេ​

ចែករំលែក៖

បើយោងតាមរបាយការណ៍របស់លោកស្រី Yanghee Lee​ អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ថា មានជនភៀសខ្លួន​ ចំនួន៩១៣ ០០០នាក់ កំពុងរស់នៅក្នុងជំរំ Cox’s Bazar ស្ថិតក្នុងប្រទេសបង់ក្លាដែស ជិតព្រំដែនប្រទេសភូមានៅឡើយទេ។

លោកស្រីបានថ្លែងថា រហូតមកដល់ពេលនេះ ប្រទេស​ភូមា នៅតែមិនទាន់មានសុវត្ថិភាព សម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា (Rohingya)នៅឡើយ ។ ជនមូស្លីមរ៉ូហ៊ីងយ៉ា រាប់រយរាប់ ពាន់នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដោយសារការធ្វើទុក្ខបុកម្នេញ ពីកងទ័ពមីយ៉ាន់ម៉ា (ភូមា)។

លោកស្រី Yanghee Leeបានថ្លែង នៅក្នុងរបាយការណ៍ដាក់ជូនទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃសុក្រ ទី៤ ខែតុលា បានបញ្ជាក់ថា ស្ថានភាពរស់នៅរបស់ជនជាតិរ៉ូហ៊ីងយ៉ា នៅភាគខាងជើង នៃរដ្ឋ Rakihine ប្រទេសភូមា “នៅតែគួរឱ្យខ្លាច” ដដែល។ ជនជាតិរ៉ូហ៊ីងយ៉ាង នៅទីនោះ មិនអាចចាកចេញពីភូមិឋានរបស់ពួកគេ ដើម្បីទៅរកស៊ីចិញ្ចឹមជីវិតបានឡើយ។ ដូច្នេះពួកគេត្រូវពឹងផ្អែកទៅលើជំនួយមនុស្សធម៌​ ដែលបានបញ្ជូនទៅកាន់ទីនោះ។

លោកស្រី បានបន្ដថា កត្ដានេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ជីវភាពរបស់ពួកគេ។ រីឯ​ស្ថាន​ភាព​នេះ នៅតែបន្តមិនមានសុវត្ថិភាព ឬមាននិរន្តរភាព សម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដដែល។

លោកស្រី Lee បានបង្ហាញពីការព្រួយបារម្ភថា សកម្មភាពជំរឿនចំនួនគ្រួសារ នៅក្នុងភូមិរបស់​ជនជាតិរ៉ូហ៊ីងយ៉ា គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ជនជាតិរ៉ូហ៊ីងយ៉ា ពីបញ្ជីរដ្ឋបាល និងធ្វើឱ្យការវិលត្រឡប់របស់ពួកគេ មានលទ្ធភាពតិចតួចជាងមុន។ រីឯតម្រូវការរបស់រដ្ឋាភិបាល ដែលថា ជនភៀសខ្លួនណាវិលត្រឡប់មកវិញ ត្រូវតែចេញ «អត្តសញ្ញាណប័ណ្ណ» តែវាមិនមែនជាដំណោះស្រាយ សម្រាប់ភាពជាពលរដ្ឋដល់ជនជាតិរ៉ូហ៊ីងយ៉ា ទេ។

ដោយឡែក ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា បានទាមទារឲ្យប្រទេសមីយ៉ាន់ម៉ា (ភូមា) ផ្ដល់ឲ្យពួកគេជាប្រជាពលរដ្ឋស្របច្បាប់ សុវត្ថិភាព ដីធ្លី និងផ្ទះរបស់ពួកគេ ដូចអ្វីដែលមានកាលពីមុនមក។

ទោះជាយ៉ាង ប្រទេសកាន់ព្រះពុទ្ធសាសនាភាគច្រើនមួយនេះ (ភូមា) នៅតែបដិសេធ មិនទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ា ថាជាប្រជាពលរដ្ឋពេញសិទ្ធិ និងជាជនចំណាកស្រុក ឬគ្មានប្រទេសដដែល។ ជនជាតិរ៉ូហ៊ីងយ៉ាងជាង៧សែននាក់ បានភៀសខ្លួន ឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីទាហានរបស់មីយ៉ាន់ម៉ា បង្ក្រាបទៅលើការបះបោររបស់ពួកគេ កាលពីអំឡុងខែសីហា ឆ្នាំ២០១៧។​ នៅក្នុងយុទ្ធនាការបង្ក្រាបនោះ ត្រូវគេហៅថា បោសសម្អាតជនជាតិភាគតិច ហើយនាំឲ្យកើតមាននូវករណីចាប់រំលោភ សម្លាប់ និងដុតបំផ្លាញផ្ទះសម្បែងរបស់ជនជាតិរ៉ូហ៊ីងយ៉ា ថែមទៀតផង៕


ចែករំលែក៖