ខេត្តកណ្ដាល៖ បុរសម្នាក់ ចេញទៅរាយមងតាមដងទន្លេងមេគង្គ ស្រាប់ធ្លាក់ពីលើទូកចូលក្នុងទឹកស្រែក ឲ្យអ្នកដែលរាយមងជិតគ្នាឲ្យជួយ ខណៈគេទៅដល់ក៏រកមិនឃើញ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងនាំគ្នារាវរក ក៏នៅតែរកមិនឃើញ លុះបាន២ថ្ងៃក្រោយមក ស្រាប់ប្រទះឃើញអណ្ដែតជិតកំពុងដរព្រះប្រសប់ ក្នុងសភាពស្អុយរលួយ ។ ករណីលង់ទឹកស្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់ឈ្មោះ ប៉ាង សាវឿន ហៅម៉ាន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ មានប្រពន្ធឈ្មោះ ច្រឹង សុខឃី អាយុ៥៨ឆ្នាំ និងមានកូន៧ ស្រី៦ នាក់ ប្រុស១នាក់ ។
ប្រភបដដែលបន្ដថា កន្លងមកជនរងគ្រោះតែចេញទៅរាយមងតាមដងទន្លេដូចសព្វមួយដង លុះមកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះទូកទៅរាយមងក្នុងទន្លេ ដោយពុំដឹងជាមូលហេតុអ្វី ស្រាប់តែជនរងគ្រោះធ្លាក់ពីលើទូក រួចស្រែកឲ្យគេជួយ ខណៈនោះឈ្មោះ សែ គីម ដែលជាអ្នករាយមងជិតគ្នា បានលឺសម្លេងជនរងគ្រោះស្រែក ក៏បានអុំទូកទៅមើល ក៏ឃើញដៃជនរងគ្រោះម្ខាងតោងនិងទូក ឯខ្លួននៅក្នុងទឹក រួចបានលិចទៅក្នុងទឹកបាត់មិនឃើញងើបមកវិញ បន្ទាប់មកឈ្មោះ សែ គីម បានមកប្រាប់ក្រុមគ្រួសារជនរងគ្រោះ ហើយក្រុមគ្រួសារ បងប្អូន បាននាំគ្នាទៅជួយរក នៅតែមិនឃើញ រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ ។ លុះ២ថ្ងៃក្រោយមក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧ព្រឹក សាកសពជនរងគ្រោះ ត្រូវបានគេប្រទះឃើញអណ្តែតនៅជិតកំពង់ដរព្រះប្រសប់ចាស់ចំងាយ១០០ម៉ែត្រពីកន្លែងលង់ ក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញស្រុក ដើម្បីមកធ្វើការពិនិត្យកោសល្យវិច្ច័យ ។
បន្ទាប់ពីសមត្ថកិច្ចជំនាញស្រុក ទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកធ្វើការពិនិត្យ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,មេភូមិ ,គ្រូពេទ្យ និងក្រុមគ្រួសារសព រួចធ្វើការពិនិត្យឃើញថា សាកសពមានសភាព ហើម ពោះប៉ោង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ ដោយសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពេលពិនិត្យរួច សាកសពបានប្រគល់ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ